ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបចំពោះបងប្អូនដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណកម្មករ និយោជិត  ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យឈ្នះឆ្នោតគ្រប់អាណត្តិ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់កម្មករ និយោជិត  ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណជាង៨៤% ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស នាំមកនូវសុខសន្តិភាព និងវឌ្ឍនភាពលើគ្រប់វិស័យបន្តទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ចំនួនប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលស្ថិតនៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពាំនាំការសួរសុខទុក្ខរបស់សម្តេចតេជោ ចំពោះបងប្អូនកម្មករនិយោជិតផងដែរ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញពីការពេញចិត្ត និងគាំទ្រចំពោះសម្តេចតេជោ ពិសេសគឺពេញចិត្តចំពោះសមិទ្ធផលដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិមុន ដែលបានដឹកនាំប្រទេស៤៤ឆ្នាំកន្លងមកនេះ កសាងប្រទេសជូនយើងទាំងអស់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឆ្លើយតបចំពោះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបចំពោះបងប្អូនដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ គោលនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ នៅប្រកាន់គោលជំហរដូចរាជរដ្ឋាលចាស់ដដែល ដោយការទូតទាំងនេះ គឺធ្វើឡើងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងអស់។

ដើម្បីប្រទេសជាតិ ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថា ៖ យើងសុខចិត្តឲ្យគេរិះគន់ និងនិយាយដើមយើងថាជាអ្នកដើរស្មូមគេទៅចុះ ដើម្បីផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាលោកស្រកទម្ងន់អស់ ១,៥គីឡូក្រាម បន្ទាប់ពីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី។

សម្ដេចមហាបវរ ថ្លែងថា : ការងារក្នុងកិច្ចប្រជុំអាស៊ានសម្ដេចស្ទើតែគ្មានពេលទំនេរដើម្បីសម្រាកនោះទេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការទៅប្រជុំអាស៊ានមិនមែនដើម្បីតែរូបភាពល្អមើលនោះទេ សម្ដេចមានការងារជាច្រើនទាំងជំនួបក្នុងក្របខណ្ឌអាស៊ាននិងជំនួបទ្វេភាគីជាមួយនឹងប្រទេសជាមិត្ត។

សម្ដេចថា៖ «អញ្ចឹងបានសួរថាតើ ហ៊ុន ម៉ាណែត ទៅហ្នឹងបានធ្វើអីមេដឹកនាំប្រទេសមួយៗទៅប្រជុំធ្វើអី? សម្ដេចតេជោទៅប្រជុំធ្វើអី? ទៅតែគ្រាន់បង្ហាញរូបភាពស្លៀកពាក់ស្អាត! ចូលរួមថតរូប។ មិនមែនទេ! នេះគឺគ្រាន់តែជាការងារបន្ទាប់បន្សំប៉ុណ្ណោះ»។

សម្ដេចថា ការងារនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺសូម្បីតែ ១០នាទីក៏ត្រូវតែច្នៃឲ្យមានពេលជួបពិភាក្សាផងដែរ។

សម្ដេចថាសម្ដេចស្រក់ទម្ងន់អស់មួយគីឡូកន្លះក្នុងរយៈពេល ៤ថ្ងៃដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ។

បើតាមសម្ដេចការងារនេះសម្ដេចធ្វើដើម្បីប្រទេសជាតិដែលមានការងារធំបីដែលសម្ដេចធ្វើរួមមានការងារការទូត ការជួបទ្វេរភាគី និងការងារនយោបាយបញ្ជាក់ពីជំហររបស់កម្ពុជា៕

ដោយ ៖ សិលា 


ចែករំលែក៖