ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីលួច (ទ្វាដែករបងផ្ទះ) មួយកើតឡើងកាលពីយប់មិញនេះ ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ របស់ជនរងគ្រោះឈ្មោះ ពៅ វណ្ណារី ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនិតីវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរ សេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណន កំសត់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរំចេក១ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីឃាត់ខ្លួននិងធ្វើការសាកសួររួច ជនសង្ស័យបានសារភាពថា ពិតជាបានលួចកាច់បំបាក់ដែកចំរឹងរបងផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង័្សយខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ដោយ៖ សហការី