អង្គការសហប្រជាជាតិនិងបណ្តាប្រទេសជុំវិញពិភពលោកបានចូលរួមរំលែកទុក្ខដល់ពលរដ្ឋម៉ារ៉ុក។
សារព័ត៌មាន Al Aoula បានដកស្រង់ប្រភពព័ត៌មានពីក្រសួងមហាផ្ទៃម៉ារ៉ុកដែលបានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុកកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានកើនដល់៦៣២នាក់ហើយ និង៣២៩នាក់ផ្សេងទៀតរងរបួស។
ក្រសួងមហាផ្ទៃម៉ារ៉ុកបានឱ្យដឹងថា ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍នៅក្នុងខេត្តនិងទីក្រុងជាច្រើន រួមមាន អាល់ហាអ៊ូស (al-Haouz) ម៉ារ៉ាកេស (Marrakesh,) អ៊ូអាហ្សាហ្សាត (Ouarzazate) អាហ្ស៉ីឡាល់ (Azilal) ឈីឆាអ៊ូអា (Chichaoua) និងតារូដាន់ (Taroudant)។ ចំណែក ក្នុងចំណោមមនុស្សរងរបួសចំនួន ៣២៩នាក់ មាន៥១នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនិងសង្រ្គោះបន្ទាន់។
គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបង្កការរំញ័រចាប់ពីទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៉ីហ្វនី (Sidi Ifni) ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ បើតាមទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ាកេស ជាទីក្រុងធំលំដាប់ទី២របស់ប្រទេសម៉ារ៉ុក៕
ដោយ៖ ធីរីណា(រូបថត៖ AFP)