ព័ត៌មានទាន់ហេតុការណ៍៖

អុញនោះ! ក្រុមចោរ​ឆក់​ និងលួចកាច់កបំបែកសោ.កម៉ូតូប្រជាពលរដ្ឋ​នៅក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ​ សុទ្ធតែ​ក្រុមដឹក​ជញ្ជូន​អីវ៉ាន់​ក្រុមហ៊ុន​ foodpanda​,Wow Now,និងE-Gets

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាម​ការបញ្ជាក់​ពី​ប្រភពព័ត៌មាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២៣​ បានបង្ហាញមុខក្រុមចោរ​ឆក់​ និងលួចកាច់កបំបែកសោកម៉ូតូប្រជាពលរដ្ឋ​យ៉ាងសកម្ម​ នៅក្នុងភូមិសាស្ត្រក្រុង-ខេត្តព្រះសីហនុ​ គឺសុទ្ធតែបុគ្គលិក​ក្រុមដឹក​ជញ្ជូន​អីវ៉ាន់ល្បីរបស់​ក្រុមហ៊ុនដូចជា៖​ foodpanda​,​ Wow Now,និង​ E-Gets​ ក្រោយកម្លាំងជំនាញក្រុង​ព្រះសីហនុ​ ចុះស្រាវជ្រាវ​រហូត​ឈានដល់ការបង្រ្កាប​ និងឃាត់ខ្លួនយកមកសាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

ប្រភពដដែលបន្តថា​ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) មួយកើតឡើងបង្កដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូប ស្រ្តីម្នាក់កំពុងដើរ តែមិនបានសម្រេច កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ​។ ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បានចំនួន២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងបានឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់សរុបមានគ្នា ចំនួន ០៩នាក់ ។ 

វត្ថុតាងដែលដកហូតបាន (មធ្យោយបាយធ្វើសកម្មភាព) ៖ 

-ម៉ូតូម៉ាក SCOOPY CLUB ពណ៌ខ្មៅគ្រឺម ផលិតឆ្នាំ២០២១ ស្លាកលេខ ភ្នំពេញ1IU-9615 

-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ កំពង់ចាម1AB-2194

-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ស្លាកលេខ ព្រះសីហនុ1J-4185

-ម៉ូតូម៉ាក HONDA DREAM ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានស្លាកលេខ 

-ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ គ្មានស្លាកលេខ ។ 

ដោយឡែក​ជុំវិញបញ្ហា​ជនសង្ស័យ​សុទ្ធតែ​ជាបុគ្គលិកក្រុមហ៊ុន​ដឹក​ជញ្ជូន​អីវ៉ាន់ល្បីរបស់​ក្រុមហ៊ុនដូចជា៖​ foodpanda​,​ Wow Now,និង​ E-Gets​នេះដែរ​ បានធ្វេី​ឱ្យប្រជាពលរដ្ឋ​អ្នកដែលចូលចិត្តទិញទំនិញ​នៅតាម​ប្រព័ន្ធ​អនឡាញ​ ​មានការព្រួយ​បារម្ភ​ណ៍​ ព្រោះពួកគាត់អាចធ្វេីឱ្យ​អតិថិជន​ប្រឈមនិងគ្រោះថ្នាក់ផងដែរ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ នៅព្រឹកថ្ងៃ​ទី​០៩​ ខែកញ្ញា​នេះ​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖