ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។ 

សូមបញ្ជាក់ថា : កាលពីម្សិលមុិញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន ៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួប សម្ដែងការគួរសមជាមួយ លោក អ៊ូអិណូ អាត់ស៊ូស៉ី  (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នៅក្នុងជំនួបនេះ សម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជាផលប្រយោជន៍របស់ប្រជាជននិងប្រទេសកម្ពុជា។

សម្ដេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់លោកអតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូរ (Takeshita Noboru) រហូតដល់ លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងលោកនាយករដ្ឋមន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារជាមួយគ្នាជាញឹកញាប់។

លោកឯកអគ្គរាជទូត បានពាំនាំនូវសារអបអរសាទរដោយផ្ទាល់ពី លោក ហ្វូមីយូ គីស៊ីដា ជូន សម្តេចតេជោ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ។ លោក ហ្វូមីយូ គីស៊ីដា ក៏បានប្តេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖