ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងបើកលឿនជ្រុលទៅបុកចំពីមុខម៉ូតូម៉ាកប៊ីតពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ដួលបោកនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ផៃ ឡាភីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិប្រធាតុ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់(ជនរងគ្រោះ)ជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមលាយសមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 1AD-8939 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ពីលិចទៅកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏បានសុីញ៉ូបត់ឆ្វេងឆ្លងមកផ្លូវម្ខាងទៀត ស្របពេលនោះមានរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌សមិនចាំផ្លាកលេខបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនរួចក៏បុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កបានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុភ្លាមៗ សាច់ញាតិជនរងគ្រោះក៏បានចុះមកដល់ និងបានរៀបរាប់ទាំងទឹកភ្នែកថា ជនរងគ្រោះទេីបមកពីស្រុកដេីម្បីមកលេងម្ដាយ និងបងប្អូននៅភ្នំពេញ តែបែរជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់បែបនេះ។
បន្ទាប់មក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានឱ្យចុះមកពិនិត្យ ដោយសហការជាមួយមន្ត្រីជំនាញផ្នែកចរាចរណ៍ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលជាបណ្ដោះអាសន្ន ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះរថយន្តបង្កវិញ សមត្ថកិច្ចនឹងរង់ចាំទទួលពាក្យបណ្តឹងពីសាច់ញាតិដើម្បីធ្វេីការស្រាវជ្រាវយកមកចាត់ការតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ