ភ្នំពេញ៖ នៅវេលាម៉ោង១៦:២៨ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៃកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុង Riyadh រាជធានីនៃព្រះរាជាណាចក្រ Saudi Arabia ។ នេះបើយោងតាមប្រភពដើម ពី អត្ថបទដើម បូរាណាចារ្យ។
តំបន់ប្រាសាទកោះកេរ អតីតរាជធានីខ្មែរនៅដើមសតវត្សទី១០ មានទីតាំងស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រមាណ៩៥ គីឡូម៉ែត្រពីតំបន់អង្គរឬក្រុងយសោធបុរៈ។ នៅក្នុងសិលាចារឹកភាសាខ្មែរបុរាណ គេស្គាល់តំបន់នេះថា ឆោកគគ៌្យរ(ឆោកគគី) ដែលមានន័យថា ព្រៃគគីរឬស្រះគគីរ ។ ឈ្មោះ ឆោកគគីរ នេះមានឯកលក្ខណៈវិសេសណាស់ព្រោះជាឈ្មោះទីក្រុងខ្មែរសម័យអង្គរតែ១គត់ដែលប្រើប្រាស់ភាសាខ្មែរបុរាណ ខណៈដែលតំបន់ឯទៀតក្នុងចក្រភពប្រើប្រាស់ឈ្មោះជាភាសាសំស្ក្រឹត។ លើសពីនេះឈ្មោះនេះមានទំនាក់ទំនងទៅនឹងធម្មជាតិក្នុងតំបន់គឺ រុក្ខជាតិគគីរ ។ គគីរ (Hopea odorata) ជារុក្ខជាតិដែលមានដើមធំខ្ពស់រហូតដល់៤៥ម៉ែត្រ រាប់ឈើដែលមានភាពរឹងមាំធន់នឹងទឹក ជាទីរាប់អានប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។
តំបន់បុរាណវិទ្យាកោះកេរ មានស្លាកស្នាមបុរាណដ្ឋានចំនួន១៦៩ ក្នុងនោះមានប្រាសាទចំនួន៧៦ ស្រះទឹក បារាយ(រហាល) ផ្លូវបុរាណនិង សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកប់ក្នុងព្រៃពាសពេញតំបន់ ។ ស្ថិតតាមបណ្តោយផ្លូវបុរាណ កោះកេរស្ទើរតែស្ថិតនៅចំនុចកណ្តាលរវាងបូជនីយដ្ឋាននិងទីក្រុងបុរាណខ្មែរសំខាន់ៗ ដូចជា ក្រុងយសោធបុរៈ(អង្គរ) ក្រុងឦសានបុរៈ(សម្បូរព្រៃគុក) និងប្រាសាទស្រីសិខារិស្វារៈ(ព្រះវិហារ)។ សណ្ឋានដីតំបន់កោះកេរ្តិ៍មានលក្ខណៈជាតំបន់ខ្ពស់រាប ក្នុងកំពស់ចន្លោះពី៧០ ទៅ១១០ម៉ែត្រ ជាជម្រាលពីត្បូងទៅជើង តាមបណ្តោយស្ទឹងសែន។
ក្រុងលិង្គបុរៈ មានចំណុចកណ្ដាលស្ថិតនៅភាគខាងជើងនៃបារាយ(រហាល) តាមរយៈសិលាចារឹកបានបង្ហាញថា នៅទីនេះមានមនុស្សប្រមាណជាង១០០០០នាក់ រស់នៅក្រោមអាណត្តិនៃព្រះបាទជ័យវម៌្មទី៤ ។ តាមរយៈការសិក្សាស្រាវជ្រាវដោយបច្ចេកវិទ្យា Lidar គេរកឃើញថា ក្រុងលិង្គបុរៈ មិនមានកំពែងក្រុងទេ តែហ៊ុំព័ទ្ធដោយព្រែកជីកបុរាណទៅវិញ។ ថ្មបាយក្រៀម ថ្មភក់ និង ឥដ្ឋជាសម្ភារៈដ៏សំខាន់ក្នុងការសាងសង់ប្រាសាទនៅកោះកេរ ។ នៅតំបន់នេះមានថ្មដែលគុណភាពយ៉ាងល្អស្រាប់ ដោយមិនលំបាកក្នុងការដឹកជញ្ជូនចម្ងាយឆ្ងាយ។ ឯឥដ្ឋដែលប្រើប្រាស់វិញ ត្រូវបានផលិតក្នុងទំហំតូចនឹងរាបស្មើខុសពីតំបន់ដទៃ ឥដ្ឋកោះកេរមានគុណភាពខ្ពស់ណាស់ ធ្វើអោយបច្ចុប្បន្នប្រាសាទដែលនៅសល់រូបរាងពេញលេញភាគច្រើនជាប្រាសាទឥដ្ឋ។ ក្រៅពីនេះគេប្រទះឃើញមានការប្រើប្រាស់កំបោរបាយអមួយខំនួនតូចផងដែរ។ ប្រាសាទ១ចំនួននៅកោះកេរ មានប្រក់ដំបូលក្បឿងគ្រឿងបង្គំឈើ ដែលបច្ចុប្បន្ននេះមិនមាននៅសល់ទៀតទេ តែយើងអាចឃើញស្លាកស្នាមនៃប្រហោងឈើនៅសេសសល់។ សំណង់ភាគច្រើននៃទីក្រុងបុរាណនេះ ក៏ដូចជាទីក្រុងនានារបស់ខ្មែរ ពោលគឺលំនៅដ្ឋាន ព្រះរាជវាំង ផ្សេងៗត្រូវបានសាងឡើងពីឈើ ជាហេតុដែលធ្វើអោយសំណង់ទាំងនេះមិនអាចបន្សល់រូបរាងដល់សព្វថ្ងៃនេះឡើយ។
បារាយ(រហាល) រហាលគឺជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅកោះកេរ ក្នុងទំហំ ១២០០ គុណ ៥៦០ ម៉ែត្រ ព្រមទាំងទ្វារទឹកចំនួន៣សាងពីថ្មបាយក្រៀម ។ តួរហាលមិនស្ថិតត្រង់ទិសដូចបារាយនានានៅតំបន់អង្គរទេ ដោយហេតុថា សាសនាដ្ឋាននានានៅតំបន់នេះបែរទៅទិសខាងកើតឈៀងខាងជើង១៥អង្សា តួរហាលក៏សណ្តូកឆៀងតាមដូចគ្នា។ បច្ចុប្បន្នរហាលបាយរឹងស្ងួតស្ទើរអស់ទៅហើយ ។
ត្រពាំងអណ្តូងព្រេង: ចំងាយប្រមាណ២០០ម៉ែត្រពីប្រាសាទធំ មានស្រះធំ១ ទំហំ៤០ម៉ែត្រនិងមានអមដោយជណ្តើរថ្មបាយក្រៀម ។ ស្រះនេះត្រូវបានគេជឿថាជាស្រះស្រង់នៃព្រះមហាក្សត្រ ហើយជុំវិញនោះគឺជា ព្រះបរមរាជវាំងនៃរាជធានីលិង្គបុរៈ។
ប្រាសាទកោះកេរ : ប្លង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរមានប្រវែងប្រមាណ៨០០ម៉ែត្រ លាតសន្ធឹងស្របតាមរហាល បែរមុខទៅទិសខាងកើតឆៀងខាងជើង១៥អង្សា។ នៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទគេឃើញមានសំណង់ស្ថាបត្យកម្មថ្ម ជារាងចតុកោណកែង ហៅថា ព្រះរាជវាំង ដែលមាននាទីជាពន្លាសំណាក់សម្រាប់ព្រះរាជាមុនចូលទៅកាន់ប្រាសាទដូចនៅប្រាសាទព្រះវិហារដែរ។ តមកខាងមុខ មានគោបុរៈយ៉ាងធំសម្បើម(ប្រាសាទក្រចាប់) ដែលគេជឿថ ជាសំណង់គោបុរៈធំបំផុតនៅកម្ពុជា ក្នុងទំហំ ៦០គុណ៣០ម៉ែត្រ ។ នៅខាងមុខទៀតមានបណ្ណាល័យចំនួន២ និងប្រាសាទក្រហមដែលមាននាទីជាប្រាសាទផងនិងក្លោងទ្វារដើម្បីចូលចូលទៅកាន់ប្រាសាទធំផង។ តែដើមឡើយនៅក្នុងប្រាសាទក្រហមមានតម្កល់រូបបដិមាព្រះឥសូររំាយ៉ាងធំសម្បើម ពោលគឺមានកំពស់រហូតដល់៣.៥ម៉ែត្រ តែមកដល់បច្ចុប្បន្នបដិមាបានទទួលរងការខូចខាតយ៉ាងច្រើន ហើយកំពុងទទួលការជួសជុលនៅអភិរក្សដ្ឋាន។ ប្រាសាទធំស្ថិតនៅលើកូនកោះសិប្បនិម្មិតហ៊ុមព័ទ្ធដោយកសិន្ទុទឹក មានស្ពាននាគសម្រាប់ចម្លង មានកំពែង២ជាន់ ហើយមានប្រាសាទសំខាន់ៗចំនួន៩នៅខាងក្នុង។ ចេញអំពីប្រាសាទធំគឺចូលដល់តំបន់ប្រាសាទប្រាង្គ។
ប្រាសាទប្រាង្គជាប្រាសាទដ៏ធំនិងសំខាន់ជាងគេនៅកោះកេរ ប្រាសាទនេះសាងជាទម្រង់ពីរ៉ាមីត៧ថ្នាក់ សម្រាប់តម្កល់ព្រះសិវលិង្គ។ ប្រាសាទនេះត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ៩២៨ មានទំហំ៦២ម៉ែត្រ និងកំពស់៣៦ម៉ែត្រ។ ដោយសារតែកំពូលប្រាសាទមានការបែកបាក់អស់ឬសាងពុំទាន់ហើយសព្វគ្រប់ ហេតុនេះប្រសិនបើកំពូលប្រាសាទនៅរក្សាមកដល់បច្ចុប្បន្នគេជឿថា ប្រាសាទនេះអាចមានកំពស់រហូតដល់៥០ម៉ែត្រឯណោះ។ នៅខាងក្រោមប្រាសាទប្រាង្គមានកូនភ្នំតូច១ ដែលស្របគ្នានឹងសំណង់ស្ថាបត្យកម្មប្រាសាទ អ្នកស្រុកអ្នកភូមិហៅភ្នំនេះថា ផ្នូរស្តេចដំរីស។ អ្នកស្រាវជ្រាវជឿថា ភ្នំនេះអាចជាភ្នំសិប្បនិម្មិតតំណាងភ្នំទីស្ថានព្រះឥសូរ ជាផ្នូរនៃព្រះមហាក្សត្រ ឬជាសំណល់នៃពីរ៉ាមីតទី២ក៏ថាបាន។
ក្រៅអំពីនេះនៅតំបន់កោះកេរ មានប្រាសាទសំខាន់២ទៀតគឺ ប្រាសាទចិនដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ និង បន្ទាយពីរជាន់ដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះព្រហ្ម តាមគតិការបូជាព្រះត្រីមូ៌តិ។
ប្រាសាទតូចៗដែលមានរាយប៉ាយរាមបណ្តោយបារាយមានដូចជា ប្រាសាទលិង្គ ប្រាសាទបាល័ង្គ ប្រាសាទអណ្តូងគុក ប្រាសាទក្រចាប់ ប្រាសាទថ្នឹង ប្រាសាទបេង ប្រាសាទច្រាប់ ប្រាសាទត្រពាំងស្វាយ ប្រាសាទអណ្តូង ប្រាសាទដីឆ្នាំង ប្រាសាទត្រពាំងឫស្សី ប្រាសាទពង្រ ប្រាសាទកកោះ ប្រាសាទប្រិយ ប្រាសាទគោកក្រោល ប្រាសាទត្រពាំងវែង
ប្រាសាទដាន ប្រាសាទដានធំ ប្រាសាទរាមកេរ្តិ៍ ប្រាសាទតាមិញ ប្រាសាទរលំ ប្រាសាទ៣ ប្រាសនាងខ្មៅ ប្រាសាទ៥ ប្រាសាទល្ហុង ប្រាសាទសូភី ប្រាសាទបាក់ ប្រាសាទខ្នារ ប្រាសាទកូនភ្នំ ប្រាសាទខ្ទុម ប្រាសាទដំរី ប្រាសាទគោកតាប្រាក់ ប្រាសាទត្រពាំងតា ប្រាសាទដំរីស្លាប់ ប្រាសាទត្រពាំងសង្កែ ជាដើម៕
ដោយ ៖ សហការី