ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវស្វែងយល់ អំពី វិបត្តិដំណេក

ចែករំលែក៖

ភ្នំពេញ៖ មនុស្សយើងចាប់ពីវ័យជំទង់ទៅត្រូវការពេលវេលាសំរាកជាមធ្យម៨ម៉ោង ដែលថេរវេលានេះប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀត ចន្លោះពី៣ម៉ោង ទៅ១០ម៉ោង។ ដំណេកមានសារៈសំខាន់ណាស់សម្រាប់សរីរាង្គយើង ដើម្បីស្តារភាពនឿយហត់របស់សាច់ដុំ និង ប្រព័ន្ធប្រសាទដែលបានដំណើរការអស់រយៈពេលមួយថ្ងៃមកហើយ។ ដំណេកជាពេលដែលខួរក្បាលសំអាតជាតិពុល និង រៀបចំការចងចាំរក្សាទុក។ ដំណេកធម្មតារបស់យើងម្នាក់ៗប្រព្រឹត្តទៅដោយចែកជាច្រើនដំណាក់កាល ដែលយើងអាចបែងចែកបានច្បាស់លាស់ដោយការវាស់រលកចរន្តអគ្គិសនីកោសិកាខួរក្បាល ដែលនឹងប្រែប្រួលទៅតាមកម្រិតសកម្មភាពរបស់កោសិកាទាំងនោះ។

រចនាសម្ព័ន្ធខួរក្បាលដែលមានភារៈក្នុងការសម្របសម្រួលការភ្ញាក់ដឹងខ្លួន និង ដំណេករបស់យើងគឺក្នុង អ៊ីប៉ូតាលាម៉ុស (Hypothalamus) មានអរម៉ូនជាច្រើនដែលរួមចំណែកក្នុងនោះមាន Vaso-intestinal peptide, cortical lobe intermediary peptide, growth hormone, somatostatine ។

តាមការសិក្សាពីបណ្តាប្រទេសផ្សេងៗលើសកលលោក វិបត្តិដំណេកមានការប្រែប្រួល ចន្លោះពី ២០ ទៅ ៣៥% ក្នុងចំណោមមនុស្សទូទៅ។

   ក) តើកត្តាអ្វីខ្លះដែលអាចធ្វើអោយប្រែប្រួលដល់ដំណេកដ៍ស្កប់ស្កល់បាន?

      ១ កត្តាសេនេទិច (Genetic)ដែលប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់

      ២ កត្តានៃសកម្មភាពប្រចាំថ្ងៃ (Circadian) រយៈពេល និង គុណភាពនៃដំណេក គឺអាស្រ័យយ៉ាងជិតស្និទជាមួយ នឹងពេលវេលាដែលយើងនៅ”ភ្ញាក់” គឺវាទំនាក់ទំនងជាមួយ នឹងពេលថ្ងៃ ពន្លឺ និង កំរិតសីតុណ្ហភាពក្នុងខ្លួនយើង។

      ៣ កត្តាអាយុពេលកើតមកទារកចំណាយពេល៧៥% នៃពេលវេលាទាំងអស់របស់គាត់សំរាប់ដំណេក រហូតដល់អាយុ១៦ឆ្នាំ ថេរវេលានេះនឹងថយនៅត្រឹមជាមធ្យម៨ម៉ោង។ ចាប់ពីអាយុ៦០ទៅ គុណភាពនៃដំណេកមានការថយចុះទោះពេលខ្លះថេរវេលាមិនថយក៍ដោយ។ ការសំរាកពេលថ្ងៃរបស់មនុស្សវ័យចំណាស់ក៍មានឥទ្ធិពលអាចបន្ថយគុណភាពនៃដំណេកពេលយប់ដែរ។

   ផលវិបាកនៃដំណេកមិនបានគ្រប់គ្រាន់ គឺការងោកងុយ ការប៉ះទង្គិចផ្លូវអារម្មណ៍ និង ការថយចុះគំនិតច្នៃប្រឌិត។

ការត្អូញត្អែរអំពី វិបត្តិដំណេកមានពីរធំៗ គឺការសំរាន្តមិនលក់ និង ការងងុយខ្លាំងពេលថ្ងៃ។ ការសំរាន្តមិនលក់អាចជាការលំបាកក្នុងការសំរាន្ត ការសំរាន្តមិនស្កប់ ឬជាការមានអារម្មណ៍ថាសំរាន្តមិនគ្រប់គ្រាន់។ ឯការងងុយគឺការដែលមានអារម្មណ៍ ចង់តែសំរាន្តពិសេសពេលស្ថិតនៅក្នុងស្ថានភាពដដែលៗ (Monotone) ។

   ខ) តើគួរធ្វើយ៉ាងណាដើម្បីកែលំអវិបត្តិដំណេក?

      – សំខាន់បំផុតគឺការគោរពវដ្ដដំណេកឲ្យបានទៀងទាត់: ព្យាយាមសំរាន្ត និង ភ្ញាក់ឲ្យបានទៀងពេលវេលា ដែលទម្លាប់នេះមានឥទ្ធិពលទៅលើសរីរៈយើងក្នុងការកំណត់គុណភាពពេលភ្ញាក់ និង ពេលសំរាកបានច្បាស់លាស់

      – ចំណាយពេលនៅលើគ្រែ តែពេលយប់ដើម្បីសំរាន្តតែប៉ុណ្ណោះ

      – ការឆ្លងពីពេលភ្ញាក់ទៅពេលសំរាន្ត : ដំណេកគឺជាការឆ្លងកាត់ពីពិភពពិតទៅពិភពសុបិន្ត ដូចនេះមានការណែនាំ ឲ្យយើងធ្វើកិច្ចការណាដែលប្រកបដោយភាពស្រមើស្រម៉ៃដូចជា អានសៀវភៅ ស្តាប់ភ្លេង ដែលមានលក្ខណៈស្រទន់ជាដើម និងត្រូវបញ្ឃប់រាល់ការគិតស្មុគស្មាញយ៉ាងតិច១ម៉ោងមុនពេលសំរាន្ត។

      – ការហាត់ប្រាណពេលរសៀល (៥ឬ៦ម៉ោងមុនពេលសំរាន្ត) អាចសំរួលដល់ការលង់លក់ដែរ

      – ការងូតទឹក ១ឬ២ម៉ោងមុនសំរាន្ត អាចជួយដែរដោយបន្ថយកំដៅខ្លួនយើង

      – បរិយាកាសជុំវិញ : គឺទាក់ទង នឹងកម្តៅ សំឡេង ពន្លឺ

      – កត្តាចំណីអាហារ : អាហារពេលល្ងាចស្រាលៗ អាចជួយបានដែរនិងជៀសវាង ជាតិសុរា កាហ្វេ បារី

   គ) តើពេលណាដែលយើងគួរជួបពិគ្រោះជាមួយគ្រូពេទ្យ?

      គឺពេលដែលការសំរាន្តនោះកាន់តែរំខានទៅ និង មិនគួរពិសាថ្នាំសំរាន្តដោយមិនបានជួបពិគ្រោះជាមួយគ្រូពេទ្យជាមុននោះទេ។ ពេលជួបពិគ្រោះជាមួយគ្រូពេទ្យគាត់អាចវាយតម្លៃបានថា វិបត្តិនៃការសំរាន្តនោះជាស្ថានភាពបណ្តោះអាសន្នមិនធ្ងន់ធ្ងរ ឬក៍អាចជារោគសញ្ញានៃជំងឺណាមួយដែលតម្រូវអោយធ្វើការរុករកមូលហេតុវេជ្ជសាស្ត្រជាបន្តទៅទៀត៕

ដោយ ៖ សហការី


ចែករំលែក៖