ព័ត៌មានទាន់ហេតុការណ៍៖

«វត្តមានរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពសកលនិងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងចក្ខុវិស័យសម្រាប់អនាគត»

ចែករំលែក៖

ភ្នំពេញ ៖  មូលបទនៃកិច្ចពិភាក្សានេះគឺ “ការកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពនៅ ក្នុងពិភពលោក ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា”។ មេដឹកនាំចំនួនជាង១៨០ប្រទេស មកពីទ្វីបទាំង៦ បានគ្រោងថ្លែងសុន្ទរកថា ស្វែងរក ដំណោះស្រាយចំពោះបញ្ហាប្រឈមចម្បងៗនានារបស់ពិភពលោក ក្នុងអំឡុងពេលន កិច្ចពិភាក្សារយៈពេលមួយសប្ដាហ៍ ដែលនឹងបញ្ចប់នៅថ្ងៃទី២៦ ខែកញ្ញា។ នេះជាការថ្លែង ខណះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហា សន្និបាតអង្គការសហប្រជាជាតិ (UNGA) នាទីក្រុងញូវយ៉ក ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៣ ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិបាន ពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយ ចីរភាព ជាមួយចក្ខុវិស័យសម្រាប់អនាគត។

នៅក្នុងសុន្ទរកថា : សម្ដេចធិបតី បានគូសបញ្ជាក់អំពីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់ ប្រទេសនានា អំពីកំណើនអស្ថិរភាពសកលលោក ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ ជម្លោះដែលកំពុងរីករាលដាល និងកង្វះហិរញ្ញប្បទានសម្រាប់ដោះស្រាយ ផលប៉ះពាល់ដែលនៅបន្តអូសបន្លាយរបស់ជំងឺកូវីដ១៩ ក៏ដូចជាសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្រេចគោលដៅនៃរបៀបវារៈឆ្នាំ២០៣០ និងបម្រែបម្រួលអាកាសធាតុ។ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់អំពីភាពចាំបាច់ដែលមិនអាចខ្វះបាន នៃការស្តារទំនុក ចិត្តផ្នែកសន្តិសុខជាយុទ្ធសាស្ត្រ នៅក្នុងចំណោមប្រជាជាតិទាំងឡាយ លើកតម្កើង ប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់ និងគោរពអនុវត្តពេញលេញនូវច្បាប់និងបទដ្ឋាន អន្តរជាតិនានា រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ។

សម្ដេចធិបតី បានបង្ហាញសមិទ្ធផលនានារបស់កម្ពុជា រួមមាន សន្តិភាពនិងស្ថិរភាព ការកាត់បន្ថយភាពក្រីក្រក្នុងកម្រិតខ្ពស់ កំណើនសេដ្ឋកិច្ចខ្ពស់ និងការបែងចែកផល ប្រយោជន៍ប្រកបដោយសមធម៌។ សម្តេចធិបតី ក៏រំលេចពីវឌ្ឍនភាពឥតឈប់ឈរក្នុង ការកសាងប្រជាធិបតេយ្យ ដូចដែលត្រូវបានបង្ហាញតាមរយៈ ការបោះឆ្នោតសកលក្នុង ខែកក្កដាកន្លងទៅ ដែលមានលក្ខណៈសេរី យុត្តិធម៌ គួរឱ្យទុកចិត្ដ ត្រឹមត្រូវ និងប្រកប ដោយបរិយាបន្ន ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមក្នុងការប្រកួត ប្រជែងនេះ និងមានអ្នកចូលរួមបោះឆ្នោត ចំនួន៨៤,៥៩% ដែលនេះគឺជាអត្រាខ្ពស់ បំផុតមិនធ្លាប់មានពីមុនមក។ ការណ៍នេះបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និង សេចក្តីរីករាយពេញចិត្តខ្លាំងជាងមុន ក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន កម្ពុជា។

ទន្ទឹមនេះ សម្ដេចធិបតី ក៏បានបង្ហាញនូវគោលដៅយុទ្ធសាស្ត្ររបស់កម្ពុជា សំដៅប្រែក្លាយ កម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និង ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ប្រកបដោយវិបុលភាព និងភាពធន់ នៅត្រឹមឆ្នាំ ២០៥០។ នៅក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់កម្ពុជាចំពោះគោលដៅអភិវឌ្ឍន៍ដោយចីរភាព រួមទាំងគោលដៅរបស់ខ្លួនឯងផ្ទាល់ ក្នុងការប្រែក្លាយកម្ពុជាទៅជា “ប្រទេសកម្ពុជាដែលគ្មានគ្រាប់មីន នៅត្រឹមឆ្នាំ២០២៥- និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ តាមរយៈការរួម ចំណែកយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

នៅចុងបញ្ចប់ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់អំពីការប្រកាន់ខ្ជាប់របស់រាជរដ្ឋាភិបាល នូវគោលនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹត្យដែលផ្អែកលើច្បាប់ … និង គោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ សម្ដេចធិបតី បានថ្លែងបញ្ជាក់ យ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដី របស់ខ្លួនដូចដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ទន្ទឹមនេះ កម្ពុជាក៏ មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹង ប្រទេសណាមួយនោះឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖