ខេត្តកំពង់ធំ ៖ ចូលដល់សប្ដាហ៍ទី២នៃស្ថានភាពទឹក ជំនន់ក្នុងខេត្តកំពង់ធំ ត្រូវបានគេកត់សម្គាល់ឃើញថា មានសភាពធ្ងន់ធ្ងរបន្តិច ដោយសារតែភ្លៀងនៅតែបន្តធ្លាក់ខ្លាំង កម្ពស់ទឹកហក់ឡើងលឿន ជាហេតុធ្វើឲ្យផ្លូវគ្រួសក្រហមច្រើនខ្សែតាមបណ្ដាស្រុក ក្រុង ត្រូវបានទឹកជន់លិច និងត្រូវកាត់ផ្ដាច់ការធ្វើដំណើរ, មណ្ឌល សុខភាព,សាលារៀន ច្រើនកន្លែងត្រូវបិទទ្វារពិសេសបង្កឲ្យមានផលប៉ះពាលដល់លំនៅដ្ឋានពលរដ្ឋរាប់ពាន់ខ្នង ផ្ទៃដីកសិកម្មជាង៥០០ហិចតា ត្រូវខូចខាត ព្រមទាំងសត្វពាហនៈរាប់ពាន់ក្បាលកំពុងស្វែងរកទីសុវត្ថិភាព ។
បើយើងមើលពីស្ថានភាពកម្ពស់ទឹកក្នុងឆ្នាំ២០២៣នេះ គឺរយះពេលដូចគ្នាទឹកមានកម្ពស់១៣.៧៤ម៉ែត្រ កើនលើសឆ្នាំមុន បើទោះបីជារបាយទឹកភ្លៀងឆ្នាំ២០២៣ នេះទាបជាង១៨១.៥ ម.ម ក៏ដោយ ប៉ុន្តែអ្វីដែលជាចំណុចប្រឈមមុនគឺ ភ្លៀងនៅតែបន្តធ្លាក់ចុះ ជាហេតុធ្វើឲ្យកម្ពស់ទឹកហក់ឡើងស្រើតៗតែម្ដងនិងបានធ្វើផ្ទៃដីស្រូវវស្សារបស់ប្រជាកសិករប្រឈមមុខនិងការរខូចខាតរលួយទំាងស្រុង ។
លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឲ្យដឹងថា រហូតមកដល់ម៉ោងនេះ មានស្រុក ក្រុងចំនួន៦ក្នុងខេត្តកំពង់ធំ កំពុងរងផលប៉ះពាល់ខ្លាំង គឺក្រុងស្ទឹងសែន ប៉ះពាល់ផ្ទៃដីដំណាំ ស្រូវ ចំនួន៤៩៩ហិចតា ស្រុកសណ្ដាន់៣១៥ ហិចតា ស្រុកប្រាសាទសំបូរ២៦ហិចតា ស្រុកកំពង់ស្វាយ២៣១ ហិចតា ស្រុកស្ទោងចំនួន៩៩០ហិចតា ក្នុងនោះខូចខាតចំនួន៥៤០ហិចតា ស្ថិតក្នុងឃុំចំនួន៤។
លោកប្រធានបន្តថា ជំនន់ឆ្នាំនេះបង្កឲ្យមានផលប៉ះ ពាល់លើភូមិចំនួន១០៩ និងឃុំ១៩ លើផ្ទៃដីស្រូវវស្សាសរុប២ ០៩៩ហិចតា ស្មើនិង២៥៩៣គ្រួសារ ក្នុងនោះខួចខាតដំណាំស្រូវចំនួន៥៤០ហិចតា និងដំឡូងមី ៥៦ ហិចតា ។ សត្វគោ,ក្របីត្រូវជម្លៀសទៅរកទួលសុវត្ថិភាពមានចំនួន១០១៦៧ក្បាល ស្ថិតក្នុងស្រុក៣ ស្មើរ១២ឃុំ គឺស្រុកសណ្ដាន់ចំនួន៤១០១ក្បាល,ស្រុកប្រាសាទ សំបូរ២០៨ក្បាល និងស្រុកកំពង់ស្វាយចំនួន២៨៥៨ ក្បាល ។
លោកយូ ឡា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ធំឲ្យដឹងថា ថ្ងៃនេះ ទឹកស្ទឹងសែន មានកម្ពស់ ១៣,៧៣ ម លើសកម្រិតប្រកាសអាសន្ន ០,២៣។ បើប្រៀបធៀបកំពស់ទឹកស្ទឹងសែនឆ្នាំនេះ គឺ១៣,៧៣ ម ខ្ពស់ជាងឆ្នាំមុន រយះពេលដូចគ្នាទឹកមានកម្ពស់ ១៣,៦៥ ម ។ លោកប្រធានមន្ទីរធនធានទឹក ក៏បានបញ្ជាក់ដែថា ស្ថានភាពទឹកស្ទឹងសែន បានស្រកចុះបន្តិចវិញ ព្រោះ៣ថ្ងៃនេះ ទឹកនៅតាមស្ថានីយស្ទឹងស្ទោង,សណ្ដាន់ បានស្រកចុះបន្តិចម្ដងៗ ។
ស្ថិតក្នុង ស្ថានភាពនេះ បើយើងក្រលេកមើល ពីការ រស់ នៅរបស់ពលរដ្ឋ និង សត្វពាហនះ តាមទួលសុវត្ថិភាពវិញ គឺពួកគាត់កំពុងទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ពិសេសផ្ដោតលើសុខមាភាពជាចម្បង ជាក់ស្ដែងសត្វគោ ក្របីចំនួនជាង៣០០ ក្បាលនៅស្រុកកំពង់ស្វាយ ត្រូវបានចាក់វ៉ាក់សាំងការ ពារជំងឺអុតក្ដាមរួចរាល់ ខណះដែលសត្វគោ ក្របី នៅតាមទួលសុវត្ថិភាពផ្សេងៗទៀតដូចជានៅស្រុកប្រាសាទ សំបូរ កំពុងត្រូវបានបន្តការចាក់វ៉ាកសាំង ផងដែរ ។
សូមបញ្ជាក់ថា រហូតមកដល់សប្ដាហ៍នេះ រដ្ឋបាលខេត្តកំពង់ធំ បានចេញលិខិតជូនដំណឹងដល់ពលរដ្ឋក្នុងខេត្តឲ្យបន្តបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាសុខមាភាព និងត្រូវរាយការណ៍បន្ទាន់ក្នុងករណីចាំបាច់ណាមួយ ។ គ្រោះមហន្តរាយ ឆ្នាំនេះត្រូវបានគេវាយតំលៃថា លំនៅដ្ឋានពលរដ្ឋជាង៥០០០គ្រួសារបានរងផលប៉ះពាល់ ក្នុងនោះ មានមណ្ឌលសុខភាព វត្តអារាម សាលារៀន និងផ្លូវគ្រួសក្រហមជាដើម ៕
ដោយ៖ សូរិយា