ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ពូទីន៖ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ជ្រើសរើសបញ្ចូលជាមួយរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រជាជននៅក្នុងតំបន់ Donbass, Kherson និង Zaporizhzhia បានជ្រើសរើសបញ្ចូលគ្នាជាមួយរុស្ស៊ីនៅក្នុងខែកញ្ញា ឆ្នាំ 2022 ហើយបំណងប្រាថ្នារបស់ពួកគាត់នៅតែបន្តត្រូវបានបង្ហាញនៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថា រំលឹកខួបលើកទីមួយនៃការបញ្ចូលតំបន់ចំនួនបួនរបស់រុស្ស៊ីថា “កាលពីមួយឆ្នាំមុន គឺនៅថ្ងៃទី 30 ខែកញ្ញា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតប្រាកដមួយបានកើតឡើង នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាដើម្បីបញ្ចូលតំបន់ចំនួន 4 ចូលទៅក្នុងសហព័ន្ធរុស្ស៊ី”។
លោកពូទីនបាននិយាយថា “អ្នកស្រុករាប់លាននាក់នៅ Donbass” (រួមទាំងតំបន់ Donetsk និង Lugansk) និងតំបន់ Kherson និង Zaporizhzhia “បានជ្រើសរើសដើម្បីត្រឡប់ទៅមាតុភូមិរបស់ពួកគាត់វិញ” ។
លោកបានមានប្រសាសន៍ថា “ដូចឆ្នាំមុននៅក្នុងការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្រ្ត ប្រជាជនជាថ្មីម្តងទៀតបានសម្តែងនិងបញ្ជាក់អំពីឆន្ទៈរបស់ពួកគេក្នុងការឈរជាមួយរុស្ស៊ីនិងគាំទ្រជនរួមជាតិរបស់ពួកគេ ដែលតាមរយៈការងារ និងសកម្មភាពជាក់ស្តែង ពួកគេបានបង្ហាញឱ្យឃើញថា ពួកគេមានភាពស័ក្តិសមសម្រាប់ការជឿទុកចិត្ត”។
ប្រធានាធិបតីរុស្ស៊ីបានរំលឹកឡើងវិញនូវទស្សនៈរបស់គាត់ថា ការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022 បានជួយសង្គ្រោះប្រជាជនពី “មេដឹកនាំជាតិនិយមនៅទីក្រុងគៀវ”។ លោកពូទីនបានសង្កត់ធ្ងន់ថា “ប្រជាជនបានបង្ហាញភាពក្លាហាន និងភាពស្មោះត្រង់ចំពោះមុខការប៉ុនប៉ងបំភិតបំភ័យ និងដកហូតសិទ្ធិក្នុងការសម្រេចចិត្តអនាគត ជោគវាសនា វប្បធម៌ ប្រពៃណី និងភាសាកំណើតរបស់ពួកគេ”៕

ដោយ៖ ធីរីណា(រូប​ថត​៖ Tass)


ចែករំលែក៖