ព័ត៌មានទាន់ហេតុការណ៍៖

ចិនបង្កើនសម្ព័ន្ធមិត្តទាំងនៅលើដី និងទីអវកាស ស្វាគមន៍បណ្តាប្រទេសចង់ចូលរួម

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣បានផ្សាយថា ប្រទេសចិនមានគម្រោងពង្រីកស្ថានីយអវកាសរបស់ខ្លួន ដែលបច្ចុប្បន្នមានត្រឹម៣កំណាត់បន្ទប់ ឱ្យដល់៦បន្ទប់ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយប្រកាសទទួលស្វាគមន៍ប្រទេសដទៃដែលមានបំណងចង់បញ្ជូនអវកាសយានិករបស់ពួកគេ ឱ្យមកបំពេញបេសកកម្មក្នុងទីអវកាសនៅលើស្ថានីយរបស់ខ្លួន ជំនួសឱ្យស្ថានីយអវកាសអន្តរជាតិ ISS ដែលដឹកនាំដោយទីភ្នាក់ងារអវកាសអាមេរិក NASA ដែលកំពុងឆ្ពោះទៅរកពេលត្រូវចូលនិវត្តន៍។
ក្នុងសន្និសីទវិស័យអវកាស International Astronautical Congress លើកទី៧៤ ដែលប្រារព្ធឡើងនៅប្រទេសអាស៊ែបៃហ្សង់ បណ្ឌិត្យសភាបច្ចេកវិទ្យាវិទ្យាសាស្រ្តចិន CAST បានអះអាងថា រយៈពេលអាចធ្វើប្រតិបត្តិការបានសម្រាប់ស្ថានីយអវកាសចិនគឺជាង១៥ឆ្នាំ ខណៈរយៈពេលនោះ គឺលើសពីរយៈពេល១០ឆ្នាំ ដែលទីក្រុងប៉េកាំងធ្លាប់បានប្រកាសកន្លងមក។ ស្ថានីយអវកាស Tiangong ដែលចិនសាងសង់ឡើងដោយខ្លួនឯងផ្ទាល់ បានចាប់ដំណើរការជាផ្លូវការតាំងតែពីចុងឆ្នាំ២០២២មក។ វាអាចផ្ទុកអវកាសយានិកបានច្រើនបំផុតត្រឹម៣នាក់ និងគោចរជុំវិញផែនដីនៅរយៈកម្ពស់៤៥០គីឡូម៉ែត្រ។
ទោះបីជាត្រូវបានពង្រីកដល់៦កំណាត់បន្ទប់ក៏ដោយ ក៏ស្ថានីយអវកាស Tiangong នឹងមានម៉ាស់ត្រឹម៤០ភាគរយនៅឡើយ ធៀបទៅនឹងម៉ាស់របស់ស្ថានីយអវកាសអន្តរជាតិដែលអាចផ្ទុកអវកាសយានិកបានសរុបដល់៧នាក់។ ទោះជាបែបនេះក្តី ក៏ស្ថានីយអវកាស ISS ដែលបានធ្វើប្រតិបត្តិការអស់រយៈពេលជាង២ទសវត្សរ៍មកហើយនោះ ត្រូវគេរំពឹងថា នឹងចូលនិវត្តន៍នៅក្រោយឆ្នាំ២០៣០ គឺអំឡុងពេលស្របគ្នាដែលចិនបាននិយាយថា ខ្លួនរំពឹងនឹងក្លាយជាមហាអំណាចផ្នែកអវកាស។ កន្លងមកនេះ ចិនមិនអាចចូលរួមក្នុងកម្មវិធីស្ថានីយអវកាសអន្តរជាតិបាននោះទេ ដោយសារតែច្បាប់អាមេរិកហាមឃាត់ចិនមិនឱ្យធ្វើកិច្ចសហប្រតិបត្តិការណាមួយ ជាមួយNASA ឡើយ ទោះបីដោយផ្ទាល់ឬមិនដោយផ្ទាល់ក៏ដោយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ baidu)


ចែករំលែក៖