ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២.៦០២គ្រាប់កប់ក្នុងដីចម្ការ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២៦០២គ្រាប់កប់នៅក្នុងដីចម្ការ ត្រូវបានប្រជាពលរដ្ឋប្រ ទះឃើញនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

អភិបាលស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា បានអោយដឹងថា គ្រាប់កាំភ្លើងដែលប្រជាពលរដ្ឋ ប្រទះឃើញនេះ នៅក្នុងភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ក្នុងពេលដែលពលរដ្ឋបានកាប់ជីកគាស់ដីធ្វើចម្ការក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននេះតែម្តង ។ ក្រោយពេលឃើញហេតុការណ៍នេះ ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងល្វាភ្លាមៗដើម្បីធ្វើការហ៊ុមព័ទ្ធកន្លែងទាំងអស់នោះផងដែរ។ ដោយឡែកនគរបាលនៃអធិការនគរបាលស្រុកសាមគ្គីមានជ័យ លោកវរសេនីយ៍ឯក សេង ចិន្ដា បានឱ្យដឹងថា គ្រាប់ដែលពលរដ្ឋប្រទះឃើញនោះរួមមាន៖ គ្រាប់ M16 ២០ប្រអប់ ស្មើ៨០០គ្រាប់, គ្រាប់ការ៉ាប៉ីនចំនួន ២០០គ្រាប់, គ្រាប់រ៉េបេអឹមចំនួន ៨ខ្សែ ស្មើនិង ១ពាន់ ៦០០គ្រាប់និងគ្រាប់M79 ចំនួន ២គ្រាប់ សរុបចំនួន២៦០២គ្រាប់ ។

អធិការនគបាលស្រុកសាមគ្គីមានជ័យ បានដឹងទៀតថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះ ជាគ្រាប់ចាស់ៗដែលមិនអាចប្រើប្រាស់បានទៀតឡើយ ដែលត្រូវបានគេកប់បន្សល់ទុកក្នុងដី ពីសម័យសង្គ្រាមស៊ីវិលមកម្ល៉េះ ។

បច្ចុប្បន្នគ្រាប់ទាំងអស់នោះ ត្រូវបានកម្លាំងនគបាលស្រុកសាមគ្គីមានជ័យ ប្រមូលយកមករក្សាទុក នៅអធិការនគរបាលស្រុកហើយ ដើម្បីរង់ចាំកម្លាំងស៊ីម៉ាក់នាំយកទៅបន្សាបទៅតាមបច្ចេកទេសផងដែរ ។

ករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌចាស់ៗនេះផងដែរ លោកអភិបាលស្រុកសាមគ្គីមានជ័យ និងអធិការនគរបាលស្រុកសាមគ្គីមានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំធ្វើការប៉ះពាល់ឬយកគប់លេងឱ្យសោះ និងសូមរាយការណ៍បន្ទាន់មកសមត្ថកិច្ចដែលនៅជិតដើម្បីជៀសវាងកើតឡើងនៅបញ្ហាណាមួយដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ៕

ដោយ ៖ ចន្ថា


ចែករំលែក៖