ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជាបុគ្គលមេខ្លោងកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិម្នាក់ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជាក់ស្តែង ហើយកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តនៅរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ចាត់ការតាមនីតិវិធីបន្ត។
ការឃាត់ខ្លួនជនសង្ស័យកាប់រានដីព្រៃរបស់រដ្ឋនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៧៖៤៥នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិសាស្ត្រភូមិអ៉ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ឯការចុះពិនិត្យសកម្មភាពកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋខាងលើកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើឡើងដោយមានការចូលរួមពីកម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត កម្លាំងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោកអភិបាលរងស្រុក ព្រមទាំងជំទប់ទី១ឃុំអូរស្វាយ ក្រោមការសម្របសម្រួលពីលោកស៊ិន រក្សា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ។
ការចុះពិនិត្យការកាប់រានទន្ទ្រានដីព្រៃឈើរដ្ឋយកធ្វើជាកម្មសិទ្ធិខាងលើកម្លាំងសមត្ថកិច្ចចម្រុះបានចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ អ៊ុក ល័ក្ខ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានស្រុកកំណើតនៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាមេខ្លោងកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋរាប់សិបហិកតា។
យោងតាមការឆ្លើយសារភាពរបស់ឈ្មោះអ៊ុក លក្ខ័ ថាដីខាងលើខ្លួនបានកាប់រុករានកន្លងមកមានទំហំ៣០០ម៉ែត្រគុណ៥០០ម៉ែត្រស្មើ១៥ហិកតា នៅចំណុច UTM ០៦៣៦៥៧៥ ១៥៣២៣៩៦ ក្បែរអូរឃ្លៀង ក្នុងភូមិសាស្ត្រ ភូមិអ៉ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
តាមការឱ្យដឹងពីកម្លាំងដែលចុះប្រតិបត្តិការផ្ទាល់ថា ការចុះបង្ក្រាបករណីខាងលើគឺមានការសហការបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្តតាមសារាចរលេខ០៥។
ក្រោយចម្លើយសារភាពជាមួយសកម្មភាពកាប់រានទន្ទ្រានដីព្រៃឈើរបស់រដ្ឋដោយខុសច្បាប់ រដ្ឋបាលព្រៃឈើបានសម្រេចកសាងសំណុំរឿង ចោទក្នុង មាត្រា ៩៧.ចែងត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ១ ដែលត្រូវជាប់ពន្ធនាគារពីប្រាំ (៥) ឆ្នាំ ទៅដប់ (១០) ឆ្នាំ ៕
ដោយ ៖ ជីវ័ន្ត