ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឥស្សរជន ដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារក្នុងវិស័យកងកម្លាំងនគរបាលជាតិ ដល់នគរបាលបន្តវេន។
ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ ជូនឥស្សរជនចំនួន៤រូប រួមមាន៖ លោក ឡូយ សុផាត លោក ឆៃ ស៊ីណារិទ្ធ លោក យូ ស៊ុនឡុង និងលោក គៀត ច័ន្ទថារិទ្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
លោកអភិសន្តិបណ្ឌិត បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យពិនិត្យលទ្ធភាពរៀបចំកម្មវិធីដើម្បីទាក់ទងអញ្ជើញឥស្សរជនសរុបទាំងអស់១៧រូប ដែលបានទទួលគោរពងារ «សន្តិបណ្ឌិត» តាមពេលវេលាស្របនឹងកម្មវិធីសិក្សារបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
លោកអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទទួលបានគោរពងារ «សន្តិបណ្ឌិត» របស់ឥស្សរជនទាំងកន្លងទៅ និងនាពេលនេះ ពិតជាស័ក្តិសមបំផុត ព្រោះសុទ្ធតែជាថ្នាក់ដឹកនាំពោរពេញដោយបទពិសោធន៍ និងការលះបង់ ដោយបានចូលរួមបំពេញភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃតាំងថ្ងៃរំដោះ ៧ មករា ១៩៧៩មក មិនតិចជាង៤០ឆ្នាំនោះទេ ក្នុងនាមជានគរបាលជាតិ។
ក្នុងន័យផ្ដល់កិត្តិយស និងតបស្នងចំពោះវីរភាពនៃការបម្រើជាតិមាតុភូមិ ក្នុងក្របខ័ណ្ឌនគរបាលជាតិនេះ អភិសន្តិបណ្ឌិត បានជំរុញឱ្យបន្តសិក្សាលើឥស្សរជនដទៃទៀត ដើម្បីវាយតម្លៃផ្ដល់គោរមងារ «សន្តិបណ្ឌិត» និងសញ្ញាបត្របណ្ឌិតកិត្តិយស ជូនជាបន្តបន្ទាប់។
នាពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនដល់ឥស្សរជនជ័យលាភីនេះដែរ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ក្រើនរំលឹកដល់អស់លោកជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកលើបញ្ហាចរាចរណ៍ ព្រោះគ្រោះថ្នាក់បណ្ដាលឱ្យស្លាប់របួស និងខូចខាតទ្រព្យសម្បត្តិ នៅតែកើតឡើងគួរឱ្យកត់សម្គាល់។
ទន្ទឹមនេះដែរ បញ្ហាក្មេងទំនើង ក៏ជាវិញ្ញាសាមួយ ដែលត្រូវសិក្សាអំពីបុព្វហេតុ ដែលនាំឱ្យក្រុមក្មេងទំនើងបង្កបញ្ហាប្រព្រឹត្តិបទល្មើសនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងអសន្តិសុខសង្គមជាដើម។ ដូចគ្នានេះដែរ តាមបណ្ដាស្នងការដ្ឋាន នគរបាលរាជធានីខេត្ត ក៏គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ។ នៅក្នុងឱកាសនោះដែរ អភិសន្តិបណ្ឌិត បានបង្ហាញគោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ ថានឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យបានចន្លោះពី២០% ទៅ៣០% តាមមាគ៌ាដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
ដោយ៖ សហការី