ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ គម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក ត្រូវបានដាក់ឱ្យអនុវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារ កាំបូឌីយ៉ាណា។
ក្នុងឱកាសពិធីដាក់ឱ្យអនុវត្តគម្រោងនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ជូនជ្រាបថា៖ គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការរក្សាបានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានសន្តិសុខដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ធ្វើអោយមានការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន។ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅក្នុងសុខសន្តិភាព ស្ថេរភាពពេញលេញ ស្ថេរភាពនយោបាយ ក្នុងស្ថានភាពរីកចម្រើនសេដ្ឋកិច្ច ក្រោមភាពដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាអាណត្តិមុនៗ របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះការងារថែទាំសុខភាពបឋម ត្រូវបានកែលម្អ និងបានចូលរួមចំណែកដល់ភាពរីកចម្រើន និងជោគជ័យ ផ្នែកសុខភាព ក្នុងប្រទេសកម្ពុជា ដោយបានកាត់បន្ថយបានជាអតិបរិមា នូវអត្រាឈឺ និងស្លាប់ របស់ទារក កុមារមានអាយុ ៥ឆ្នាំ និងស្រ្តី ជំងឺឆ្លង ដូចជា អេដស៍ គ្រុនចាញ់ របេងជាដើម។ ជាជំហានៗទៅមុខដូចគ្នា ទៅនឹងប្រទេសក្នុងតំបន់ ការរីកចម្រើនខាងសេដ្ឋកិច្ច និងប្រជាសាស្រ្ត បាននាំឱ្យមានការរំពឹងថានឹងមានការកើនឡើងនូវចំនួនប្រជាជន និងចំនួនវ័យចាស់ជរាដែលនឹងនាំមកនូវបន្ទុកជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងសេចក្តីត្រូវការសេវាសម្រាប់ជនដែលមានវ័យកាន់តែចាស់ជរាទៅអនាគត។ តាមរយៈអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាត្រូវបានប៉ានប្រមាណថា មានប្រជាជនប្រហែល ២.២លាននាក់ កំពុងរស់នៅដោយមានពិការភាព ហើយដែលក្នុងចំណោមនោះ ជនមានពិការភាពលើស ៣២០.០០០នាក់ មានការលំបាកខ្លាំងក្នុងធ្វើចលនាប្រចាំថ្ងៃ។ ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនាទាំងនោះ មានចាស់ជរា អ្នកជំងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែកនិងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសារមីន និងគ្រោះថ្នាក់ចរាចរ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការសហការគ្នា និងបំពេញគ្នាទៅវិញទៅមកនេះ បាននឹងបង្កើតឱ្យមានប្រព័ន្ធ និងសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសប្បនិម្មិត គ្រប់ជ្រុងជ្រោយដើម្បីបម្រើឱ្យផលប្រយោជន៍ជនមានពិការភាព។ គម្រោង ATscale ដែលជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗទៀតនោះទេ ក៏ជាសារមួយ រំលឹកទាំងអស់គ្នាថា យើងមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប ហើយយើងមិនគ្រាន់តែផ្តល់នូវឧបករណ៍អវយវៈសប្បនិម្មិតនោះទេ តែយើងក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតឱ្យប្រសើរឡើង៕
ដោយ ៖ សហការី