ខេត្តកោះកុង ៖ ទីបំផុត ! រកឃើញហើយយុវជនដែលជាឃាតកវាយសម្លាប់សត្វឈ្លូសនៅឆ្នេរកុកហាវ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បន្ទាប់ពីប្រជាពលរដ្ឋ ផ្ទុះពេញ Facebook ហើយប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ច ថ្នាក់ដឹកនាំអំពាវនាវ អោយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ស្រាវជ្រាវបង្ក្រាប យកមកផ្តន្ទាទោសជននោះ ។
សូមបញ្ជាក់ថា៖ សមត្ថកិច្ចខេត្តកោះកុងបានបង្ហាញមុខយុវជន ដែលជាអ្នកវ៉ៃសម្លាប់សត្វឈ្លូស កំពុងប្រឹងហែលទឹកសមុទ្រ នៅឆ្នេរកុកហាវ ដើម្បីព្យាយាមគេចពីសេចក្តីនៃអំណាចទឹកសមុទ្រ តែជនទំនើងនេះ យកឈើវែងយ៉ាងធំវ៉ៃសម្លាប់ ហើយអោយគូកន ២នាក់ទៀតអូសសត្វឈ្លូសយកទៅ ។
យុវជននោះបានចូលសារភាពក្រោយពីមានអ្នកផ្តល់ព័ត៌មានឱ្យសមត្ថកិច្ចឈានទៅកំណត់អត្តសញ្ញាណរបស់ជនដៃដល់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ដោយមានការឯកភាពសម្របសម្រួលនីតវិធី ពីព្រះរាជអាជ្ញា សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យនេះ ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែម ។ ចំពោះវិធានការបែបណាលើជននេះ គឺរង់ចាំមន្ត្រីជំនាញធ្វើការសិន ។
ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ តាន់ អ៊ូខុង ជាសន្តិសុខរបស់ក្រុមហ៊ុនមួយ នៅជិតកន្លែងកើតហេតុ និងជាអ្នកមកពីខេត្តក្រៅ ។
សូមបញ្ជាក់ថា៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបង្ហោះករណី អំពើសម្លាប់សត្វឈ្លូសនេះមុនគេ បន្ទាប់ពីឃើញ រូបភាពឃោរឃៅពេក ហើយលោកបាន សរសេរថា ៖ «ប្រហែលមកពីចាស់ ? ថ្ងៃនេះបាត់អារម្មណ៍ល្អ ពេលឃើញខ្មែរយើងវាយសម្លាប់ឈ្លូសដែលខំហែលទឹកមករករស់ ខុសពីរូបមុនដែលឃើញបងប្អូននៅជាយក្រុងភ្នំពេញនាំគ្នាស្ទាក់ចរាចរណ៍ដើម្បីអោយពស់ថ្លាន់មួយឆ្លងផុតផ្លូវ !»។ អ្នកលេងហ្វេសប៊ុកខ្លះសរសេរថា៖ «សូមមហាជនទាំងអស់ប្រែក្លាយឧបទ្ទវហេតុឈ្លូសត្រូវបុរសម្នាក់វាយសម្លាប់នៅខេត្តកោះកុង មកជាស្មារតីយល់ដឹងពីសត្វព្រៃ និងនាំគ្នាឈប់ និងបញ្ឈប់ការបរិភោគនិងជួញដូរសាច់សត្វព្រៃទាំងអស់គ្នា ។ សូមនាំគ្នារាយការណ៍ទៅសមត្ថកិច្ចពេលដែលអ្នកឃើញគេលក់សាច់សត្វព្រៃ ។ សូមកុំថ្កោលទោសតែបុរសម្នាក់នៅខេត្តកោះកុង រួចហើយក៏ស្ងាត់ឈឹង លែងអើពើនឹងអំពើលក់ដូរសាច់សត្វព្រៃនៅទីកន្លែងនានា ។ អរគុណ !»។ ដោយឡែក លោកស្រីអភិបាល នៃគណះអភិបាលខេត្តកោះកុង មិថុនា ភូថង បានអំពាវនាវ អោយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ចាត់វិធានការស្វែងរកជនដៃដល់ និងផ្តល់ជារង្វាន់ចំនួន ៤លានរៀលផងដែរ។
ឥឡូវឃាត់បានអ្នកសម្លាប់ នៅឡើយសហចារី ស្ថិតក្នុងការប្រមាញ់របស់សមត្ថកិច្ចនៅឡើយ ៕
ដោយ ៖ សហការី