ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី​៖​ ពិតណាស់ ភាពជោគជ័យរបស់ MoEYS ​​​​ E-Learning App គឺកើតចេញពីកត្តា​​រួមផ្សំចំនួន៣

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ និជា​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ នៅល្ងាចថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​តាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លូន​យ៉ាងដូច្នេះ​ថា៖​ ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សដែលបានជួបសំណេះសំណាល និងថ្លែងអំណរគុណដោយផ្ទាល់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមផលិតមាតិកាវីដេអូបង្រៀន សម្រាប់កម្មវិធីបង្រៀនតាមទូរស័ព្ទ MoEYS E-Learning App។ 

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ក្នុងការចូលរួមក្នុង គម្រោងនេះ ដែលបានធ្វើឱ្យកម្មវិធីទូរស័ព្ទ MoEYS E-Learning App ទទួលការគាំទ្រពីសិស្សានុសិស្ស ដែលស្តែងចេញតាមរយៈចំនួនដោនឡូដ មានរហូតដល់ ៣៧ ម៉ឺននាក់។

លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់បន្ថែមទៀតថា​ ពិតណាស់ ភាពជោគជ័យរបស់ MoEYS ​​​​ E-Learning App គឺកើតចេញពីកត្តា​​រួមផ្សំ ចំនួន៣ ដែលទីមួយគឺ ការចាប់ផ្តើមជាគំនិត​​​ និងការគាំទ្រជាឆន្ទៈ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ​ យុវជន​ និងកីឡា​​ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ 

កត្តាទី២ គឺការចូលរួមកម្រិតបច្ចេកទេសរបស់ក្រុមការងារដែលមកពីមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំយុវជន និងកីឡា ជាមួយនឹងមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។  

កត្តាទី៣ គឺការគាំទ្រមិនអាចខ្វះបានពីសំណាក់​គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានលះបង់ពេលវេលា​ ចូលរួមផលិតមាតិកាបង្រៀន​៕

ដោយ​៖ សហការី​


ចែករំលែក៖