ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ “Siem Reap Angkor International Airport” ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម ជាពិសេសនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិនឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន២ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺការអភិរក្ស និងការអភិវឌ្ឍ។
សម្ដេចធិបតីបន្តទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អនុញ្ញាតឱ្យយន្តហោះ ឡើងចុះបាន២ ទិសផ្សេងគ្នា ដែលខុសពីព្រលានយន្តហោះចាស់ ដែលអនុញ្ញាតឱ្យយន្តហោះឡើងចុះបាន តែមួយទិសប៉ុណ្ណោះ ដោយសារមួយទិសទៀត ប៉ះចំលើបុរាណប្រាសាទក្នុងតំបន់អង្គរ។ អាកាសយាដ្ឋាននេះ បំពាក់ទៅដោយសម្ភារទំនើបៗ និងអាចពង្រីកបានទៅតាមបច្ចេកទេសជំនាញ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា ព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោក មិនត្រឹមតម្លៃត្រឹមតែជាអាកាសយានដ្ឋានសម្រាប់យន្តហោះចុះចត ឬចេញដំណើរប៉ុណ្ណោះនោះទេ ប៉ុន្តែអាកាសយានដ្ឋាន របស់ប្រទេសទាំងនោះ បានក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មថែមទៀត។ នៅថ្ងៃនេះ សម្ដេចធិបតីបានប្រកាសឱ្យដឹងថា ប្រព័ន្ធ E-Arrival សម្រាប់ការបំពេញបែបបទរបស់ អ្នកដំណើរតាមយន្តហោះ មកដល់កម្ពុជា នឹងដាក់ឱ្យដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមុនគេ ដើម្បីសម្រួលដល់ការបំពេញបែបបទរបស់អ្នកដំណើរទាំងនោះ ឱ្យកាន់តែងាយស្រួល និងមិនស្មុគស្មាញ ដូចការបំពេញដោយប្រើប៊ិកសរសេរ។ ជាមួយគ្នានោះ សៀមរាប នឹងមានរថភ្លើងស្រាល(Autorail) សម្រាប់ធ្វើដំណើរទៅមក រវាងក្រុងសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទៀតផង។
សម្ដេចធិបតីបានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ«ទស្សនាកម្ពុជាឆ្នាំ២០២៤» ទេសចរចិន នឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។ កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។សម្តេចធិបតីបានជំរុញឲ្យអាជ្ញាធរខិតខំធ្វើយ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការផ្តល់ទំនុកចិត្ដដល់ពួកគេបន្ថែម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថាឆ្នាំ ២០២៤ ជាឆ្នាំរស់ឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា។ ខណៈពិភពលោកកំពុងមានការគំរាមកំហែងនៃ វិបត្តិថាមពល កម្ពុជាបានរក្សាលំនឹងបានដដែលនៃតម្លៃអគ្គិសនី ថែមទាំងមានការបញ្ចុះតម្លៃដល់រោងចក្រសហគ្រាសនានា រហូតដល់ទៅ១៥ភាគរយផងដែរក្នុងឆ្នាំ២០២៣នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលរៀបចំធ្វើនៅប្រទេសចិន ក្នុងឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ សម្ដេចបានពិភាក្សា ជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាង ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន ហើយកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទេសចរ ចិន ដែលជាមិត្ត និងជាបងប្អូនដ៏ល្អរបស់កម្ពុជា៕
ដោយ៖ សហការី