ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ ប្ដេជ្ញា​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សហប្រតិបត្តិការ​ពហុភាគី គាំទ្រពាណិជ្ជកម្មដោយ​សេរី​ និង​បើក​ចំហ

ចែករំលែក៖

ទីក្រុង​ប៉េកាំង​៖​ លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ ក្នុងវេទិកាសេដ្ឋកិច្ច និងសង្គម នារដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានថ្លែង​ថា៖​ កម្ពុជា​ ប្ដេជ្ញា​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី និងគាំទ្រដល់ពាណិជ្ជកម្មដោយ​សេរី និង​បើក​ចំហ ដោយមិនគាំទ្រសកម្មភាពឯកតោភាគីនិយមឡើយ។

លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុង​នាម​ជា​សមាជិក​អាស៊ាន កម្ពុជា ប្ដេជ្ញា​ចិត្ត​​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី គាំទ្រពាណិជ្ជកម្មដោយ​សេរី និង​បើក​ចំហ ហើយមិនគាំទ្រសកម្មភាពគាំពារនិយម ឯកតោភាគីនិយម និងសេដ្ឋកិច្ចជាតិនិយម»។ លោកទេសរដ្ឋមន្ត្រី បានគូសបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍថ្មីរបស់កម្ពុជា សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងន័យនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​​ រយៈពេល២៥ឆ្នាំ ដែលស្របជាមួយនឹងគោលការណ៍បរិយាបន្ន សន្តិភាព និងស្ថិរភាព​ ​និរន្តរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិបើកទូលាយ និងផ្អែកលើច្បាប់។

តាមរយៈសុន្ទរកថាថ្លែងក្នុងវេទិកាសេដ្ឋកិច្ច និងសង្គម ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងរួមគ្នាស្វែងរកការអភិវឌ្ឍអាស៊ី ក្រោមប្រធានបទ៖ «ការរក្សាកិច្ចសន្ទនាអរិយធម៌ ដើម្បីលើកតម្កើងអរិយធម៌ និងវឌ្ឍនភាពមនុស្សជាតិ» លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍឥតឈប់ឈររបស់អាស៊ី ពឹងផ្អែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដោយប្រើប្រាស់ភាពចម្រុះជាចំណុចខ្លាំង ហើយតាមរយៈគោលការណ៍បើកទូលាយ និងប្រកបដោយបរិយាបន្ន អាចយកឈ្នះលើការប្រឈមនានា និងទាញយកឱ្យអស់ពីលទ្ធភាពនូវកាលានុវត្តភាពសម្រាប់ ផលប្រយោជន៍រួម។

បន្ថែមពីនេះ​ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យជាច្រើន ដែលសម្រេចបានតាមរយៈការធានាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម ក៏ដូចជាការគាំទ្រពីប្រទេសចិន និងបណ្តាប្រទេសជាមិត្ត ព្រមទាំងស្ថាប័នផ្សេងៗ។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានរំលេចដែរថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក អត្រានៃភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះជាលំដាប់ក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ១,៦ ភាគរយ ខណៈសេដ្ឋកិច្ច​​​កម្ពុជា​ បានសម្រេចនូវកំណើន​ជាង ៧ភាគរយ​ក្នុង​មួយ​ឆ្នាំ ​មុន​ពេលនៃការ​ផ្ទុះឡើងនូវ​ជំងឺ​កូវីដ-១៩។

លោកទេសរដ្ឋមន្ត្រី​រូបនេះ​ បន្តថា វិធានការឆ្លើយតបនានារបស់កម្ពុជា ជាមួយការគាំទ្រពីដៃគូទ្វេភាគី និងពហុភាគី បានបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការស្តារប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។​ ដោយរំលេចនូវភាពសម្បូរបែបនៃអរិយធម៌អាស៊ី និងសកល លោក ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) របស់លោកប្រធានាធិបតី ស៊ី ជីងពីង ដែលផ្តល់តម្លៃលើទំនាក់ទំនង និងកិច្ចសន្ទនាស៊ីជម្រៅនៃអន្តរអរិយធម៌ ក្នុងការលើកស្ទួយវឌ្ឍនភាពមនុស្សជាតិ និងជំរុញឱ្យមានការផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមកលើក្តីសង្ឃឹម និងវិបុលភាពរួម។

ជាមួយគ្នានេះ​ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការតភ្ជាប់នៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងកំណើនបៃតងនិងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ កម្ពុជា ប្ដេជ្ញាបន្តកិច្ចសហការក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងអស់៕

ដោយ​៖ សហការី​


ចែករំលែក៖