ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធីនយោបាយទាំងបីនោះរួមមាន៖ ទី១) កម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន, ទី២) កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។
សម្ដេចធិបតី ថ្លែងថា អំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ កម្ពុជា មិនត្រឹមតែធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែបានសល់ ផលកសិកម្ម និងបាននាំចេញជាង៦លានតោន ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣ នេះថែមទៀត។
សម្ដេចធិបតី ថ្លែងថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករ។
សម្តេចធិបតី ថ្លែងថា តម្លៃស្រូវឆ្នាំនេះមានតម្លៃល្អ បើប្រៀបធៀបជាមួយឆ្នាំមុន ដែលមានតម្លៃចាប់ពី ១០០០រៀល ទៅ ១៣០០រៀល ខណៈតម្លៃជី និងសម្ភារៈកសិកម្មមួយចំនួនមានការធ្លាក់ចុះ។
សម្តេចធិបតី ថ្លែងអំណរគុណដល់មន្រ្ដីពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានជួយផ្ដល់ពូជស្រូវដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា ក្រោយពីទឹកជំនន់បានស្រកចុះ ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះអាចបង្កង្កើតផលស្រូវបានទាន់ពេលវេលា។
សម្តេចធិបតី ថ្លែងថា ជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។
សម្ដេចធិបតី ថ្លែងថា កម្ពុជាសុខចិត្តស្ថិតនៅក្នុងចំណោមលេខ១០ នៃក្រុមជើងខ្លាំង ប្រទេស ខ្លាំង ដែលឈរនៅលំដាប់លេខ១។ កម្ពុជាមិនចង់ឈរលេខ១ នៅក្នុងក្រុមដែលឈរនៅលំដាប់ទី១០ នោះទេ។
សម្តេចធិបតី ថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានៅរាជធានីភ្នំពេញ និងតាមទីក្រុងភាគច្រើននាំគ្នាទិញផលិតផល ចំណីអាហារ តាមប្រព័ន្ធឌីជីថល អនឡាញ ដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុន។
សម្ដេចធិបតី ថ្លែងរម្លឹកឱ្យដឹងថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្នត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះវាប៉ះពាល់ដល់ច្បាប់ នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី។
សម្ដេចធិបតី ថ្លែងថា គោលដៅរបស់រដ្ឋាភិបាល កសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះ ដំណាំ និងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេ ប៉ុន្តែផ្ដោតសំខាន់លើការដាំដុះដំណាំ និងចិញ្ចឹមសត្វបានផលកាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រ និងតម្រូវការទីផ្សារ។
សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និងកសិ-ឧស្សាហកម្មនៅក្នុងប្រទេសដើម្បីលើកកម្ពស់ជីវិភាពរបស់កសិករឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជា ច្រើនទាក់ទងនឹងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់ឲ្យប្រើប្រាស់នាពេលនេះគឺមានសារៈសំខាន់យ៉ាងខ្លាំង ដោយគោលនយោបាយទាំងពីរនេះគឺធ្វើយ៉ាងណាបង្កើននូវសក្តានុពលផ្នែកសិកម្មរបស់កម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។
សម្តេចធិបតី ប្រកាសអបអរសាទរចំពោះ កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រោយបានចូលរួមប្រកួតប្រជែងគុណភាពអង្ករល្អលើពិភពលោកនោះ គឺអង្កររបស់កម្ពុជាបានទទួលចំណាប់ថ្នាក់ជាអង្ករល្អបំផុតនៅលើពិភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចជំរុញឲ្យមន្រ្តីពាក់ព័ន្ធរក្សាការពារ និងខិតខំពង្រីកនូវកេរ្តិ៍ឈ្មោះ អង្ករកម្ពុជានេះឲ្យកាន់តែល្អជាងមុនបន្ថែមទៀតផងដែរ។
សម្ដេចធិបតី ប្រកាសអំពាវនាវដល់និស្សិតដែលបានដាក់ពាក្យប្រឡងជាប់ហើយក្នុងការជ្រើរើសមន្រ្ដីកសិកម្ម ដើម្បីដាក់ពង្រាយទៅតាម ឃុំ-សង្កាត់ចំនួន ២៥០ នាក់ សូមបំពេញភារកិច្ចដោយយកបេះដូងមកធ្វើការងារដើម្បីធ្វើការរួមគ្នាបម្រើដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ថ្លែងថា គោលការណ៍រដ្ឋប្រកាសប្រឡងជ្រើសរើសឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិតមួយម៉ឺននាក់ ប៉ុន្តែទោះជាយ៉ាងណាការប្រឡងនេះត្រូវប្រកាន់ជំហរនូវ តម្លាភាព យុត្តិធម៌ និងសុក្រឹត្យភាព ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយអ្នកធ្លាក់ឲ្យគេអស់ចិត្ត។
សម្តេចធិបតី ថ្លែងថា ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ត្រូវផ្ដល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដលើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បានប្រាក់ខែនោះទេ គឺត្រូវបម្រើ ដល់ប្រជាកសិករប្រកបដោយឆន្ទៈមុះមុត និងមានការជឿជាក់ពីប្រជាកសិករ៕
ដោយ៖ស តារា