ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាច្រើន​ ចាប់ផ្តើមធ្វើដំណើរកម្សាន្តក្នុងក្រុងសៀមរាបបណ្តើរៗហើយ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បន្ទាប់ពីក្រុមការងារ​ បានរៀបចំតាំងភ្លើងលម្អ សោភ័ណភាព ក្រុងសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករួចរាល់ ភ្ញៀវទេសចរជាច្រើន ទាំងក្នុងក្រុងនិងក្រៅខេត្ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានចាប់ផ្តើមធ្វើដំណើរកម្សាន្តបណ្តើរៗហើយ ខណៈពិធីប្រណាំងទូក នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ! ។

ដើម្បីចូលរួមចំណែក ក្នុងការថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ នៅក្នុងខេត្ត រដ្ឋបាលខេត្តសៀមរាប បានរៀបចំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៤ថ្ងៃ។ ដោយចាប់ផ្តើមពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយ ដងស្ទឹងសៀមរាប។

 បេីតាមការ​បញ្ជាក់ពី​ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប គឺកញ្ញា សុមាលី អាយុ២៤ឆ្នាំ​ បាននិយាយថា អាជ្ញាធរខេត្ត បានរៀបចំតាំងលម្អភ្លើងបំភ្លឺយ៉ាងស្រស់ស្អាត ជាពិសេសដាក់មានឈ្នាង អង្រុត ទ្រូ និង ផលិតផលផលិតអំពីឬស្សីជាស្នាដៃខ្មែរ សម្រាប់តុបតែងក្នុងឱកាសនៃពិធីបុណ្យអុំទូក បានយ៉ាងស្រស់ ស្អាត។

កញ្ញាបន្តថា បន្ទាប់ពីការផ្អាកប្រារព្ធពិធីដ៏មានអត្ថន័យនេះរយៈពេល៣ឆ្នាំកន្លងមក ក្នុងឆ្នាំ២០២៣នេះ បានចាប់ផ្តើមឡើងវិញនូវព្រះរាជពិធីបុណ្យទូក ធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តបានយ៉ាង សប្បាយរីករាយ ខណៈភ្ញៀវចាប់ផ្តើមមានបណ្តើរៗហើយតាំងពីមុនថ្ងៃប្រារព្ធពិធីម្ល៉េះ។ តាមរយៈនេះកញ្ញា សង្ឈឹមថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តយ៉ាងច្រើនកុះករ ចូលមកកម្សាន្តនៅក្នុងក្រុង សៀមរាប។ ការដែលយើងប្រាព្ធពិធីបុណ្យអុំទូកឡើងវិញ វាល្អ ព្រោះជាប្រពៃណីរបស់យើង សូម្បីតែនៅក្នុង ប្រវត្តិសាស្រ្តក៏មានចែងអំពីការប្រណាំងទូកដែរ ដើម្បីរំលឹកដល់បុព្វបុរសដែលបានធ្វើសង្រ្គាមតាមទូក។ ហើយមួយទៀតវាជាការទាក់ទាញភ្ញៀវទេសចរមួយដែរ ព្រោះអីយើងខានយូរហើយ ពីរបីឆ្នាំហើយ ប៉ុន្តែបើយើងប្រារព្ធមកវិញ ទីមួយគឺទាក់ទាញទេសចរឱ្យគាត់ចូលមកលេងនៅសៀមរាបកាន់តែច្រើន អាចជួយជីវភាពពលរដ្ឋឱ្យគាត់មានចំណូលកាន់តែច្រើនដែរ។ រាល់ឆ្នាំឱ្យតែមានកម្មវីធីអ៊ីចឹង ពួកខ្ញុំតែងតែ មក តែអត់សូវបានមកលេងពេលថ្ងៃទេ ដល់ថ្ងៃពិធីពួកខ្ញុំមកពេលល្ងាច ហើយយើងបណ្តែតប្រទីបតែម្តង ប៉ុន្តែឆ្នាំនេះ ខានយូរគឺចង់មកឱ្យបានពេលថ្ងៃ យើងមើលគេអុំទូកផង ហើយដើរលេងដល់យប់តែម្តង។ សម្រាប់ខ្ញុំចង់ឱ្យប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលមកលេងនៅខេត្តសៀមរាប ឱ្យបានច្រើន ហើយសុំឱ្យចូលរួមថែរក្សាវប្បធម៌របស់ខ្លួន និងគ្រប់គ្រងសំរាមឱ្យបានល្អ ព្រោះទីក្រុងស្អាត ទើបភ្ញៀវចូលមកលេងច្រើន។

សូមជម្រាបថា ខេត្តសៀមរាបបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានអាងក្រពើ នឹងមានកម្មវិធីជាច្រើនដូចជា៖ ពិធីប្រណាំងទូក ប្រកួតទូកមិត្តភាព ដាល់អំបុក បណ្តែតប្រទីប ប្រដាល់គុនខ្មែរអន្តរជាតិ ប្រគុំតន្ត្រី ជិះទូកលេង ផ្សារបណ្តែតទឹក ពិរព័ណ៍ម្ហូបអាហារ កម្មវិធីលេងល្បែងកំសាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ ជិះកង់លើក្តារ និងកម្មវិធីផ្សេងៗទៀត ដែលនឹងនាំមកនូវភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ទូក-ង ដែលនឹងត្រូវ ចូលរួមប្រណាំង ក្នុងពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប នាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ មានចំនួន ៣២ទូក ដោយទូកផ្នែកនារី មានចំនួន ៣ទូក មានកីឡាករសរុបចំនួន ៩៤៦នាក់ ក្នុងនោះកីឡាការិនី មានចំនួន ៨៩នាក់៕

ដោយ៖ សហការី​


ចែករំលែក៖