ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួងកសិកម្ម ច្រានចោល​ព័ត៌មានមិនពិត​ ជុំវិញ​ការឈូសឆាយ​តំបន់អភិរក្សភ្នំតាម៉ៅ​

ចែករំលែក៖

ភ្នំពេញ​៖​ កញ្ញា អ៉ឹម រចនា ​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានថ្លែងឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣នេះថា៖​ ក្រសួង​កសិកម្ម​ សូមបដិសេធច្រានចោលនូវការចុះផ្សាយព័ត៌មានមិនពិតថា ​រាជរដ្ឋាភិបាល​កំពុងឈូសឆាយតំបន់អភិរក្សដីព្រៃភ្នំតាម៉ៅបន្ថែមទៀត​ យកទៅវិនិយោគឱ្យឯកជន។

​អ្នកនាំពាក្យ​រូបនេះ​ បានថ្លែងបញ្ជាក់ថា ​ផ្លូវដែលអាជ្ញាធរកំពុងឈូសឆាយ ​គឺស្ថិតនៅព្រំប្រទល់រវាង​ឧទ្យានអភិរក្សភ្នំតាម៉ៅ និងដីឯកជន មិនមែនស្ថិតនៅក្នុងដីអភិរក្សនោះទេ​។ ម្យ៉ាងទៀត ការឈូសឆាយនេះ ធ្វើឡើង​ដើម្បីបង្ការភ្លើងឆេះព្រៃ ​ដែលធ្លាប់កើតមានកន្លងមកជារៀងរាល់ឆ្នាំ។ ហើយថា ការឈូសឆាយនេះ មិនត្រឹមតែអាចបង្ការការឆេះព្រៃ តែវាក៏អាចផ្ដល់មធ្យោបាយ​មួយទៀត​ដល់ប្រជាពលរដ្ឋមានផ្លូវធ្វើដំណើរ។

​កញ្ញា អ៉ឹម រចនា​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំមិនយល់ថា ហេតុអ្វីបានជាអង្គការ Wildlife Alliance លោកផ្ដល់បទ​សម្ភាសន៍ទៅដល់សារព័ត៌មានមួយ​ ដែលផ្សាយពីក្រៅប្រទេស ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា​ ចោទប្រកាន់ក្រសួង ចោទប្រកាន់ឧទ្យាជាតិនេះថា ​យើងឈូសឆាយដីនេះ ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន ​ឬដើម្បីអភិវឌ្ឍគម្រោងណាមួយ ដែលរំលោភបំពាន បំផ្លិចបំផ្លាញធនធានដែល​យើងប្រឹង​ប្រែងការពារ ដែលអ្វីលើកឡើងគឺជាការប្រឌិតឡើងទាំងស្រុង»។

ដោយឡែក​ប្រធានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ ​​លោក ញឹក រតនៈពេជ្រ ​​បានមានប្រសាសន៍ថា ​ផ្លូវដែលអាជ្ញាធរ​ឈូសឆាយ ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ​នៅលើផ្លូវភ្លេីងចាស់ ដើម្បីឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរ និងការពារសួនដែល​អាជ្ញាធរបានធ្វើរបងព័ទ្ធជុំវិញហើយ ដែលជា​វិធានការការពារជីវិតសត្វពីភ្លើងឆេះផង។ ​

លោកប្រធាន​សួនសត្វរូបនេះ​ បានឱ្យដឹងទៀតថា ផ្លូវភ្លេីងចាស់មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ​ព័ទ្ធជុំវិញ​ឧទ្យានភ្នំតាម៉ៅ ហើយអាជ្ញាធរជួយសម្រួលជួសជុលត្រង់កន្លែងណាដែលពិបាកធ្វើដំណើរ។​ ​លោកបន្តថា អាជ្ញាធរឈូសផ្លូវភ្លើងជាការងារបច្ចេកទេស​ការពារអាយុជីវិតសត្វ មិនមានផ្ដល់​ការវិនិ​យោគ​ផ្ដល់ផលប្រយោជន៍ឯកជននោះទេដូចការផ្សព្វផ្សាយទេ។​

សូមជម្រាបជូនថា​ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានបែងចែកជា ៣តំបន់ ដោយ ទី១ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ មានផ្ទៃដីទំហំ ១០២១ហិកតា។ 

ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ហិកតា និងទី៣ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា៕

ដោយ៖ សហការី


ចែករំលែក៖