ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​៥នាក់រួមនឹងវត្ថុតាង​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃចន្ទ ទី០៨​ ខែមករា​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី។

    សមត្ថកិច្ចប្រាប់ថាៈ កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៦​ ខែមករា​ ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​បានដឹកនាំកម្លាំង​ចុះធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់​នៅចំណុចភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន០៧កូនថង់កិប ទម្ងន់១០ក្រាម (ដប់ក្រាម),​ ម៉ូតូចំនួន ០៣គ្រឿង, ទូរស័ព្ទចំនួន០៤គ្រឿង (ម៉ាក IPhone12 pro max ពណ៌ទឹកប្រាក់, ម៉ាកSamsung A20 ពណ៌ខ្មៅ, ម៉ាកOPPO ពណ៌ក្រហម, ម៉ាក VIVO ពណ៌ទឹកប៊ិក),​ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,​ កូនថង់កិបសម្រាប់ច្រកគ្រឿងញៀនមួយចំនួន,​សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​ បានឱ្យដឹងថា​ ជនសង្ស័យទាំង៥នាក់​ ១-ឈ្មោះ សួ និធិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់), ២-ឈ្មោះ ខាន់ គឹមហេង ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរនិងប្រើប្រាស់),​ ៣-ឈ្មោះ ជា លាភហេង ហៅ ខ្លែងស្រាក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់),​ ៤-ឈ្មោះ ខេង រ៉ាដូ ហៅ ពៅ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់),​ ៥-ឈ្មោះ សៀង សិរី ហៅ ជួង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់)។ 

    លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន​និងសួរចម្លេីយ​ ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ​ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។  លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

   ជនសង្ស័យ​ទាំង៥នាក់ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖