ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំប្រកបដោយគុណភាពខ្ពស់គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងនៃសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការកសាងមូលធនមនុស្សល្អត្រូវការរយៈពេលយូរ និងត្រូវការការវិនិយោគនៅក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើនទៀតដែលត្រូវយកចិត្តទុកដាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការបង្កើនការងារ ផលិតភាពការងារ និងភាពប្រកួតប្រជែងរបស់កម្ពុជាទាំងកម្រិតតំបន់ និងសកល គឺដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាចក្ខុវិស័យនិងទិសដៅ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាលជាមួយសិស្សនិទ្ទេសA ចំនួន ១៦៩១ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំប្រកបដោយគុណភាពខ្ពស់គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតមូលធនមនុស្ស គំនិតច្នៃប្រឌិត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជំរុញភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ភាពធន និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអប់រំ និងការបណ្តុះបណ្តាលមិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិស័យទាំងនេះ បានបង្កើននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិ រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួលបានការអប់រំ និងការបណ្តុះបណ្តាល ព្រមទាំងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូលទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌ដែលបង្កើតឡើងនៅក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ បានផ្លាស់ប្ដូរវប្បធម៌អន្តរាគមន៍របស់ឪពុកម្ដាយ អាណាព្យាបាល មករួមគ្នាខិតខំជំរុញឱ្យកូន និងសិស្ស ធ្វើការប្រឡងដោយយុត្តិធម៌ និងការទទួលខុសត្រូវរៀងៗខ្លួន និងជំនួសនូវមនោសញ្ចេតនាជាលក្ខណចង្អៀត និងធំទូលាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣  ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម៕

ដោយ ៖ សិលា


ចែករំលែក៖