ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជានឹងនាំចូលសត្វខ្លាធំពីប្រទេសឥណ្ឌា ដើម្បីស្ដារឡើងវិញចំនួនសត្វខ្លាធំដែលជិតផុតពូជ

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាថានឹងចូលរួមប្រយុទ្ធប្រឆាំងនឹងការផុតពូជសត្វខ្លាធំ បន្ទាប់ពីសម្រេចបានកិច្ចព្រម ព្រៀងថ្មីមួយជាមួយប្រទេសឥណ្ឌា ដើម្បីជួយស្តារចំនួនសត្វខ្លាធំដែលទំនងជាជិតផុតពូជនៅកម្ពុជា។ នេះបើតាមសារព័ត៌មាន National World ចេញផ្សាយនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៤។

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីជំនាញមកពីប្រទេសអាស៊ីអាគ្នេយ៍បានប្រកាសថា ពួកគេនឹងនាំចូលសត្វខ្លាចំនួន ៤ ក្បាលពីប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមកម្មវិធីបង្កាត់ពូជដ៏មានសក្តានុពល បន្ទាប់ ពីសត្វខ្លារបស់ខ្លួនត្រូវបានប្រកាសថា “ផុតពូជ” ក្នុងឆ្នាំ ២០១៦ ដោយអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) ។

សត្វខ្លាធំចុងក្រោយ ត្រូវបានគេប្រទះ ឃើញនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០០៧ ដែលកាមេរ៉ាបង្កប់ថតជាប់ នៅក្នុងព្រៃក្នុងខេត្តមណ្ឌលគិរីភាគខាងកើត។

អ្នកនាំពាក្យក្រសួងបរិស្ថានលោកខ្វៃ អាទិត្យា ត្រូវបានដកស្រងសំដីដោយសារព័ត៌មាន Associated Press ថា សត្វខ្លាញី ៣ ក្បាល និង ឈ្មោល ១ក្បាល នឹងដឹកជញ្ជូនពីប្រទេសឥណ្ឌាមក កម្ពុជានៅចុងឆ្នាំ២០២៤នេះ ដើម្បីមកតាំងលំនៅ ក្នុងតំបន់ការពារទំហំ ៩០ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃ តាតៃ ភាគខាងលិច ខេត្តកោះកុង និងពោធិ៍សាត់។ លោកបានបន្ថែមថា ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន ប្រទេសឥណ្ឌាបានយល់ព្រមបញ្ជូនសត្វខ្លាធំចំនួន ១២ក្បាលបន្ថែមទៀតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងថា ការបំពាក់កាំមេរ៉ានេះនឹងជួយ ផ្តល់នូវទិន្នន័យជាក់លាក់នៃធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំ។ ជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស, សិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ និងសិក្សាពីរបាយនិងភាពសំបូរ របស់សត្វព្រៃ និងដែលអាចជាចំណីរបស់សត្វខ្លាធំ។

លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEP បានចុះសិក្សា និងបានដាក់កាំមេរ៉ា ដែលបានបំពាក់រួច រាល់នាពេលកន្លងមក ចំនួនប្រមាណ ៣៨២ ទីតាំង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីសិក្សាវត្តមានសត្វព្រៃ ដែលមាន ដោយកម្រនិងជិតផុតពូជ ក៏ដូចជាក្នុងគោលបំណងរៀបចំ កំណត់តំបន់គ្រប់ គ្រង និងផែនការគ្រប់គ្រង ព្រមជាមួយការសិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ។

គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើង បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថាសត្វខ្លាធំនៅមានចំនួនប្រហែល ៣ ២០០ ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមាន ក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល១០ម៉ឺនក្បាល នៅក្នុងពិភពលោក៕

ដោយ៖ សូរិយា


ចែករំលែក៖