ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនក្មេងទំនើងដែលនគរបាលចាប់ខ្លួនក្នុងសប្ដាហ៍នេះ ថយចុះ១០នាក់ ធៀបនឹងសប្ដាហ៍មុន

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ពោលគឺរយៈពេលពេញមួយសប្ដាហ៍ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនក្មេងទំនើងសរុបចំនួន៤០ នាក់ ក្នុងកណីដែលបានកើតឡើងចំនួន៤០ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថានកាលពីសប្ដាហ៍មុន សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងចំនួន២២ករណី និងបានឃាត់ខ្លួនក្មេងទំនើងចំនួន៥០ នាក់។ លោកបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះ ករណីក្មេងទំនើងនៅតាមមូលដ្ឋានបានថយចុះគួរឱ្យកត់សម្គាល់។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជាលោកអភិសន្តិបណ្ឌិត ស សុខា បានដៅយកការដោះស្រាយបញ្ហាក្មេងទំនើងក្នុងសង្គមជាការងារអាទិភាពដែលត្រូវយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧នេះ។ ការងារនេះ បានដើរប្រទាក់ក្រឡាគ្នានិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់អប់រំសីលធម៌ សុជីវធម៌ និងគុណធម៌ដល់កូនចៅឱ្យបានជាប្រចាំ ហើយយុវជនទាំងអស់ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមផ្សព្វផ្សាយគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានទូលំទូលាយ៕

ដោយ៖ សូរិយា


ចែករំលែក៖