ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជូនមក ស្របតាម បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។
ដំណើរការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើល និងយកព័ត៌មានពីតំណាងគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាច្រើនរូប។
ក្រុមត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត នៃ គ.ជ.ប ដែលបែងចែក ជា ៣ក្រុម បានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមភូមិភាគនីមួយៗ ដោយឡែកពីគ្នាយ៉ាងល្អិតល្អន់ តាមប្រមាណវិធីដោយដៃ និងកម្មវិធីត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតតាមមណ្ឌលភូមិភាគ។
ជាលទ្ធផល ក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹង ការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗដែល គធ.ខប ទាំង ២៥ បានបញ្ជាក់ក្នុងតារាងបូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១០) កំណត់ហេតុ បូកសរុបលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានី ខេត្ត (ទ.១១១១) និងក្រដាសលទ្ធផលនៃការបោះឆ្នោត ក្នុងរាជធានី ខេត្ត (ទ.១១១៤) ឡើយ។
លទ្ធផលនៃការបោះឆ្នោតដែលត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់រួច នឹងត្រូវដាក់ជូន គ.ជ.ប ដើម្បី ធ្វើការពិនិត្យ សម្រេច និងប្រកាសផ្សព្វផ្សាយជាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមបទបញ្ហា និងនីតិវិធី សម្រាប់ការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងភូមិតាង ឬតំណាងមានលិទ្ធិ ប្ដឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតមួយផ្នែក ឬលទ្ធផលទាំងអស់ទៅ គ.ជ.ង ឬ ក្រមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធិផលបណ្តោះអាសនៈនៃ ការបោះឆ្នោត ៕
ដោយ ៖ សិលា