ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពី អត្ថប្រយោជន៍ដែលទទួលបាន ក្រោយរំលាយកិច្ចសន្យាការងារ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចៀសវាងការបកស្រាយខុសនឹងខ្លឹមសារច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អង្គការវិជ្ជាជីវៈ និងបងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាជ្រាបថា យោងតាមច្បាប់ស្តីពីការងារ បងប្អូនកម្មករនិយោជិតត្រូវទទួលបាននូវប្រាក់ឈ្នួល និងប្រាក់បំណាច់ ក្រោយរំលាយកិច្ចសន្យាការងារ ដូចខាងក្រោម៖

១. ករណីកិច្ចសន្យាការងារត្រូវបានរំលាយដោយនិយោជក

១.១ ការរំលាយកិច្ចសន្យាការងារដោយឆន្ទៈនិយោជក ដោយគ្មានហេតុផលត្រឹមត្រូវ ហើយកម្មករ និយោជិតមិនបានប្រព្រឹត្តកំហុសធ្ងន់ ដូចមានចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងកំហុស ធ្ងន់ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស

ក. ចំពោះកិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) កម្មករនិយោជិតទទួលបាន៖

ប្រាក់ឈ្នួលដែលមិនទាន់បានបើក (មាត្រា១១៦)

ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)

ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច ៥% នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើក ក្នុងរយៈពេលនៃកិច្ចសន្យាការងារ (មាត្រា៧៣)

ជំងឺចិត្តដែលមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្នួល ដែលកម្មករនិយោជិតត្រូវទទួលរហូតដល់ ពេលចប់កិច្ចសន្យាការងារ (មាត្រា៧៣) ។

ខ. ចំពោះកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) កម្មករនិយោជិតទទួលបាន៖

ប្រាក់ឈ្នួលដែលមិនទាន់បានបើក (មាត្រា១១៦)

ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)

ប្រាក់បំណាច់ជួសការជូនដំណឹងមុន ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនត្រឹមត្រូវតាម ច្បាប់ស្តីពីការងារ (មាត្រា៧៥ និងមាត្រា៧៧)

ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសណាមួយ ដែលកម្មករនិយោជិតត្រូវបានបញ្ឈប់និងប្រាក់ រំលឹកប្រាក់បំណាច់អតីតភាពការងារសរុប ដែលនិយោជកមិនទាន់បានបើកជូន (មាត្រា៨៩ថ្មី)

ចំពោះសោហ៊ុយជំងឺចិត្ត កម្មករនិយោជិតអាចទាមទារប្រាក់បំណាច់ផ្តាច់មួយ ដែលមានចំនួនស្មើនឹង ប្រាក់បំណាច់អតីតភាពការងារដែលបាន និងទទួលក្នុងកំឡុងពេលនៃកិច្ចសន្យាការងារ (មាត្រា ៩១ថ្មី)។

១.២ ការរំលាយកិច្ចសន្យាការងារដោយឆន្ទៈនិយោជក ដោយកម្មករនិយោជិតបានប្រព្រឹត្តកំហុសធ្ងន់ ដូចមានចែងក្នុងមាត្រា៨៣ នៃច្បាប់ស្តីពីការងារ និងកំហុសធ្ងន់ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាស

ក. ចំពោះកិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) កម្មករនិយោជិតទទួលបាន៖

ប្រាក់ឈ្នួលដែលមិនទាន់បានបើក (មាត្រា១១៦)

ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)។

ខ. ចំពោះកិច្ចសន្យាការងារមានចិរវេលាមិនកំណត់ (UDC) កម្មករនិយោជិតទទួលបាន៖

ប្រាក់ឈ្នួលដែលមិនទាន់បានបើក (មាត្រា១១៦)

ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)។

២. ករណីសហគ្រាសក្ស័យធន

ក. ចំពោះកិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) កម្មករនិយោជិតទទួលបាន៖

ប្រាក់ឈ្នួលដែលមិនទាន់បានបើក (មាត្រា១១៦)

ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)

ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច ៥% នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើក ក្នុងរយៈពេលនៃកិច្ចសន្យាការងារ (មាត្រា៧៣)។

ខ. ចំពោះកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) កម្មករនិយោជិតទទួលបាន៖

ប្រាក់ឈ្នួលដែលមិនទាន់បានបើក (មាត្រា១១៦)

ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)

ប្រាក់បំណាច់ជួសការជូនដំណឹងមុនក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនត្រឹមត្រូវតាម ច្បាប់ស្តីពីការងារ (មាត្រា៧៥ និងមាត្រា៧៧)

ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសណាមួយ ដែលកម្មករនិយោជិតត្រូវបានបញ្ឈប់និងប្រាក់ រំលឹកប្រាក់បំណាច់អតីតភាពការងារសរុប ដែលនិយោជកមិនទាន់បានបើកជូន (មាត្រា៨៩ថ្មី)។

សម្គាល់៖ ករណីក្ស័យធន មិនមានសោហ៊ុយជំងឺចិត្ត ពីព្រោះកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពី ការងារដោយករណីក្ស័យធននេះ មិនរងផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬការយល់ច្រឡំរបស់មហាជន ឬ កម្មករនិយោជិតដទៃទៀតមកលើខ្លួន ថាគ្មានសមត្ថភាព ឬគ្មានផលិតភាពក្នុងការងារនោះឡើយ។ ការបាត់បង់ ការងារទាំងអស់គ្នា គឺមិនមានធាតុផ្សំ ដែលនាំឱ្យមានសំណងជាសោហ៊ុយជំងឺចិត្តនោះទេ។ ករណីការបញ្ឈប់ កម្មករនិយោជិត ដោយឡែក ដោយដុំ របស់និយោជក គឺមានធាតុផ្សំ ដែលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនិងការសង្ស័យពីសហការីជាកម្មករនិយោជិតដទៃលើសមត្ថភាព ឬផលិតភាព ឬឥរិយាបថរបស់កម្មករនិយោជិត ដែលត្រូវបញ្ឈប់។

ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងកាន់តែយល់ច្បាស់អំពីច្បាប់ និងចូលរួមដោះស្រាយ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីរក្សាឱ្យបានជាអតិបរមានូវ ផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងរក្សាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំង រក្សាបាននូវភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជាយើងក្នុងការទាក់ទាញវិនិយោគថ្មីៗ និងបង្កើតការងារថ្មីជូន ប្រជាជនយើង ៕

ដោយ ៖ សិលា


ចែករំលែក៖