ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីក្ដីបារម្ភរបស់សម្ដេចចំពោះការគ្របដណ្ដប់នៃភូមិសាស្ត្រនយោបាយ

ចែករំលែក៖

ហៃណាន៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងពីក្ដីបារម្ភរបស់សម្ដេចចំពោះការគ្របដណ្ដប់នៃភូមិសាស្ត្រនយោបាយលើរបៀបវារៈសេដ្ឋកិច្ចពិភពលោកដោយថាមានការគិតតែប្រយោជន៍អាត្មានិយមដោយពុំបានគិតពីវិធានច្បាប់។

ថ្លែងក្នុងវេទិកាប៊ូអាវ នាខេត្តហៃណាន ប្រទេសចិនព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាតំបន់ជាច្រើនក្នុងពិភពលោកមិនទាន់បានធូរស្បើយពីសង្គ្រាមដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋស្លូតត្រង់ និងសេដ្ឋកិច្ច ខណៈដែលសម្ដេចថាក្នុងតំបន់អាស៊ីក៏មានចំណុចរំញោចជាច្រើនដែលធ្វើឱ្យផ្ទុះសង្គ្រាមផងដែរប្រសិនជាមេដឹកនាំនៅអាស៊ីមិនពិគ្រោះយោបល់ប្រាស្រ័យទាក់ទងគ្នាដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាទេនោះ។

សម្ដេចតេជោថា៖ «ក្ដីបារម្ភរបស់ខ្ញុំនាពេលបច្ចុប្បន្នគឺនៅក្នុងទិដ្ឋភាពនៃភូមិសាស្ត្រនយោបាយនៅតែបន្តគ្របដណ្ដប់លើរបៀបវារៈសេដ្ឋកិច្ចសាកល។ ព័ត៌មាននៃការធ្លាក់ចុះសេដ្ឋកិច្ច ឬវិបត្តិតាមវិស័យនៅក្នុងប្រទេសមួយបានក្លាយជាហេតុផលប្រកាសជ័យជម្នះសម្រាប់តំបន់ផ្សេងទៀតក្នុងពិភពលោក ការបោះឆ្នោតប្រជាធិបតេយ្យបានក្លាយជាឱកាសដើម្បីធ្វើការសន្យាជ្រុលនិយមធ្វើសកម្មភាពប្រទុសប្រឆាំងនិងជំរុញផលប្រយោជន៍អាត្មានិយមដោយមិនបានគិតគូរដល់ផលប្រយោជន៍សាកល និងសណ្ដាបធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់»។

ក្នុងស្ថានភាពពិភពលោកបែបនេះសម្ដេចតេជោបានចាត់ទុកប្រទេសចិនជាប្រទេសគំរូមួយដែលចង់ឱ្យពិភពលោករីកចម្រើនទាំងអស់គ្នាក្នុងសហគមន៍រួមវាសនាតែមួយ។ សម្ដេចបានបន្ថែមថាការចូលរួមរបស់ចិនមិនត្រឹមតែធ្វើឱ្យពិភពលោកមានការរីកចម្រើនប៉ុណ្ណោះទេ ប្រទេសនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងការសម្រុះសម្រួលជម្លោះធ្វើឱ្យពិភពលោកមានស្ថេរិភាពផងដែរ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយ ក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍអនាគត ដើម្បីវិបុលភាពរួមគ្នា» ។

សម្តេចបានបន្ថែមថា ៖ អាស៊ីបានសម្រេចនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយបានដើរតួជាក្បាលម៉ាស៊ីនដឹកនាំកំណើន, ជាពិសេសក្នុងអំឡុងពេលដ៏លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កំរិតខ្សោយបំផុត បើប្រៀបធៀបជារួម នៅក្នុងរយៈកាល ៣ទសវត្សរ៍ចុងក្រោយ ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ី និងឋានៈជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មរបស់ពិភពលោក បានផ្តល់ឱ្យអាស៊ី នូវតួនាទីសកលដ៏សំខាន់មួយ។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប ត្រូវប្រឈមនឹងការសើរើរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចអាស៊ីទាំងមូល ត្រូវបានគេរំពឹងថា នឹងអាចរួមចំណែក ៦០% ដល់កំណើន ផ.ស.ស. ជាក់ស្តែងរបស់ពិភពលោក ក្នុងឆ្នាំខាងមុខនេះ ។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ តំបន់របស់យើងមានភាពចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាន។ សកម្មភាពរបស់យើងត្រូវតែដឹកនាំដោយគោលការណ៍ពហុភាគីនិយម ដែលផ្អែកលើ វិធានច្បាប់ ដែលបម្រើឱ្យយើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រុមប្រទេសណាមួយនោះទេ។ យើងត្រូវតែបន្តខិតខំធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ និងជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ ជាជាងជំរុញការកាត់ផ្តាច់ និងការរាំងស្ទះ។ យើងត្រូវតែទទួលស្គាល់ថា គោលការណ៍ពហុភាគីនិយម គឺជាគោលការណ៍ដែលបានគាំទ្រដល់សកលភាវូបនីយកម្ម, ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ពិភពលោកយើង មកដល់ពេលនេះ៕

ដោយ ៖ សិលា


ចែករំលែក៖