ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤។
ក្នុងពិធីបិទសន្និបាតនារសៀលនេះ ក៏មានការប្រគល់ពានរង្វាន់ជ័យលាភីនាយកសាលាល្អ គ្រូបង្រៀនល្អ សាលាស្អាត និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដើម្បីពនិត្យឡើងវិញនូវកិច្ចការទាំងឡាយដែលសម្រេចបានក្នុងឆ្នាំសិក្សា២០២៣-២០២៤ ពិនិត្យបញ្ហាប្រឈម ដើម្បីដាក់ចេញដំណោះស្រាយ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរលើការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា២០២៣-២០២៤។
ឆ្នាំសិក្សា ២០២២-២០២៣ ជាឆ្នាំចុងក្រោយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តផែនការ យុទ្ធសាស្ត វិស័យអប់រំ ២០១៩-២០២៣ ស្របតាមយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ក្រោម ការដឹកនាំដ៏ឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។ ក្រសួង និងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់ដូចជា ការបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំកម្រិតមូលដ្ឋាន៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះឱ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាព ចូលរៀន រៀនបន្ត ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា ការដោះស្រាយការខាតបង់ការសិក្សាក្នុង បរិបទកូវីដ១៩ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្សនិងនិស្សិតមកពីគ្រួសារក្រីក្រ។ល។ គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំក៏ត្រូវបានពង្រឹងតាមរយៈការលើកកម្ពស់ វិជ្ជាជីវៈគ្រូបង្រៀន និងការ លើកទឹកចិត្ត ព្រមទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំ គ្រប់លំដាប់ថ្នាក់។ល។
ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុចដល់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់អនុវត្ត រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់ សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការ ត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា និងទី៤. ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ។
ដើម្បីបង្កើតនូវមូលធនមនុស្សសម្រាប់ជាប្រយោជន៍ដល់ការកសាងជាតិ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវសកម្មភាពជាច្រើន ហើយសម្រេចបានលទ្ធផលការងារសំខាន់ៗដូចខាងក្រោម៖
ក្នុងឆ្នាំសិក្សា២០២២-២០២៣ ជាពិសេសលទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា រយៈពេល ៦ខែ ដើមអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានខ្លឹមសារដូចតទៅ៖
+ ផ្នែកបរិមាណវិស័យ៖
ក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សាមាន ១៩,៣៤១ កន្លែង ក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាពមាន ៨,៨៩១សាលា/កន្លែង សាលាបឋមសិក្សា ៨,២៥២ (ឯកជន ៨៥៤) អនុវិទ្យាល័យ ១៣៤១ (ឯកជន ៩៩) និង វិទ្យាល័យ ៨៩៧ (ឯកជន ៣១៦)។ គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៦៩កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៧៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន៩១។
សិស្ស និងនិស្សិតសរុប ៤,០៩៦,៧៥៨នាក់ ក្នុងនោះ កុមារតូចទទួលបានសេវាអប់រំគ្រប់ រូបភាព ៤០០,៩៥៩នាក់ សិស្សបឋមសិក្សា ២,២៦៥,៧៨៣នាក់ សិស្សមធ្យមសិក្សាបឋមភូមិ ៧១១,១១៣នាក់ សិស្សមធ្យមសិក្សាទុតិយភូមិ ៤៣០,៧៩២នាក់ សិស្សមធ្យមសិក្សា ចំណេះទូទៅនិងបច្ចេកទេស ៣,៥១២នាក់ និងនិសិ្សតឧត្តមសិក្សា ២៨៤,៥៩៩នាក់។
អ្នកសិក្សាបានទទួលការអប់រំក្រៅប្រព័ន្ធតាមគ្រប់កម្មវិធីសរុប ៤០,៨៤៤នាក់ ក្នុងនោះ អ្នកចូលរៀនកម្មវិធីអក្ខរកម្មអប់រំក្រៅប្រព័ន្ធ ១៦,៥៨៧នាក់ អ្នកសិក្សាជំនាញមុខរបរងាយៗ ១១,២០៣នាក់ អ្នកសិក្សាកម្មវិធីសមមូលបឋមសិក្សានិងមធ្យមសិក្សា ៨,៣១០នាក់ និងអ្នក សិក្សាបំពេញវិជ្ជាបឋមភូមិ និងទុតិយភូមិ ៤,៧៤៤នាក់។
ក្រុមប្រឹក្សាកុមារកម្ពុជាមានសមាជិកសរុប ១,៥៦៣,២៩៤នាក់ និងក្រុមប្រឹក្សាយុវជន កម្ពុជាសរុប ៣៧៤,៦៨៤នាក់។ សមាជិកកាយរឹទ្ធិជាតិកម្ពុជាសរុប ១៨០,០០០នាក់ ក្នុងនោះ កាយរឹទិ្ធប្អូន ១៨,១១៦នាក់ កាយរឹទិ្ធជំទង់ ១២៣,៥៩៥នាក់ កាយរឹទិ្ធរៀមច្បង ២២,១១៧នាក់ មេដឹកនាំកាយរឹទិ្ធ ១៣,៥៦៧នាក់ និងសមាជិកកិត្តិយស ២,៥០៥នាក់។
ក្រសួងបានប្រមូលផ្ដុំគ្រូបង្វឹក គ្រូជំនួយ អនុរក្ស កីឡាករ ១,៣៨៤នាក់ មកធ្វើការ ហាត់ហ្វឹកហ្វឺនបង្កើនសមត្ថភាពបច្ចេកទេស ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ និងចូលរួមប្រកួតកីឡា ជាលក្ខណៈអន្តរជាតិ នានា។
បុគ្គលិកអប់រំសរុប ១២៤,៥១៧នាក់ស្ត្រី ៥៩,១៦៥នាក់ ក្នុងនោះថ្នាក់ជាតិ ៤,៩៧៨នាក់ ស្ត្រី ១,៦៥៨នាក់ និងថ្នាក់ក្រោមជាតិ ១១៩,៥៣៩នាក់ ស្ត្រី ៥៧,៥០៧នាក់ ក្នុងនោះ បុគ្គលិក មិនបង្រៀន ៣៣,៣៥៥នាក់ ស្រី ១០,៦៥៣នាក់ និងបុគ្គលិកបង្រៀន ៨៦,១៨៤នាក់ ស្រី ៤៦,៨៥៤នាក់។
+ ផ្នែកគុណវិស័យ៖
ក្រសួងបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះ ៤ ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់ នាសម័យប្រជុំដំបូង គណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើ ការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា៖ ទី១) ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា, ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។
ជាមួយគ្នានេះ ក្រសួង បានកំណត់អាទិភាព ៥ បន្ថែមទៀតគឺ ទី៥) ការអប់រំឌីជីថល, ទី៦) កំណែទម្រង់សាលា គរុកោសល្យ, ទី៧) ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ទី៨) ការ កសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព, ទី៩) ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
សម្រាប់រយៈពេល ៦ខែ ដើមអាណត្តិទី៧ ក្រសួងសម្រេចបានការងារដូចខាងក្រោម៖
+ ការអនុវត្តសាលារៀនគំរូ
ក្រសួងបានចេញប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ សាលាបឋមសិក្សាគំរូ និងសាលាមធ្យមសិក្សាគំរូ រួមជាមួយនឹងយន្តការគាំទ្រ និងអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីធានាបានការអនុវត្តមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ក្នុងឆ្នាំ២០២៤ សាលារៀនចំនួន ៧៩៣ ត្រូវបានជ្រើសរើសជាសាលារៀនគោលដៅអនុវត្តស្តង់ដាសាលារៀន គំរូ ដើម្បីធ្វើអធិការកិច្ច ផ្តល់ការគាំទ្រ និងជំរុញការអនុវត្ត ក្នុងនោះសាលាមត្តេយ្យសិក្សា ៩៦ សាលាបឋមសិក្សា ៣៤៨ និងសាលាមធ្យមសិក្សា ៣៤៩។ ក្រសួងបាននិងកំពុងជំរុញការអនុវត្ត សាលារៀនគំរូតាមគ្រប់រូបភាពដោយប្រើប្រាស់យន្តការនិងធនធានសរុប ទាំងថវិការដ្ឋ និងថវិកា ដៃគូអភិវឌ្ឍ ក្នុងនោះក្រសួងបានប្រជុំជាមួយអង្គភាពនៅរដ្ឋបាលកណ្តាល និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីពិនិត្យស្ថានភាពឥណទានថវិកាឆ្នាំ២០២៤ ក្នុងគោលបំណង កៀរគរឥណទានថវិកាពីសកម្មភាពផ្សេងទៅផ្តោតលើការអនុវត្តសាលារៀនគំរូ ដោយសរុបថវិកា បាន ១៥,៥៤៣,២០០,០០០រៀល ឬស្មើនឹង ៣.៨លានដុល្លារ។ ជាមួយនេះ ក្រសួងបានធ្វើ ការវាយតម្លៃ និងទទួលស្គាល់ជ័យលាភីសាលារៀនគំរូចំនួន ១២០ ដោយផ្អែកលើគោលការណ៍៖
– សាលារៀនធ្លាប់ទទួលបានជ័យលាភីជានាយកល្អ និងសាលារៀនស្អាត
– សាលារៀនដែលទទួលជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ
– សាលារៀនដែលមានសិស្សនិទ្ទេស A, និទ្ទេស ABC, និងភាគរយប្រឡងជាប់ច្រើន ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
– សាលារៀនដែលបានចូលរួមរង្វាយតម្លៃការសិក្សាកម្រិតតំបន់ SEA-PLM និងកម្រិត អន្តរជាតិ PISA និងមានសិស្សទទួលបានពិន្ទុខ្ពស់
– សាលារៀនជំនាន់ថ្មី វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងសាលារៀនទទួល បានពិន្ទុខ្ពស់ក្នុងការវាយតម្លៃស្តង់ដាសាលារៀនគំរូ។
នៅក្នុងការអនុវត្តសាលារៀនគំរូឆ្នាំទី១ ក្រសួងបានចេញប្រកាសទទួលស្គាល់សាលារៀន ទាំង ១២០ នៅក្នុងឱកាសសន្និបាតអប់រំ និងបានលើកទឹកចិត្តឱ្យសាលារៀនទាំង ១២០ និង សាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ ក្រសួងបានទទួលស្គាល់ មជ្ឈមណ្ឌលសិក្សាពេញ មួយជីវិតស្រែក្នុង ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត ជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតគំរូ ដោយ មើលឃើញអំពី លទ្ធផលនៃការបំពេញការងារល្អ និងភាពជាអ្នកដឹកនាំល្អរបស់លោកនាយក។
ដើម្បីគាំទ្រដល់កំណែទម្រង់សាលារៀន ក្រសួងបានកែលម្អការងារអធិការកិច្ច ដែលជា កិច្ចការដ៏សំខាន់មួយក្នុងការគាំទ្រសាលារៀនគំរូ ដោយក្រសួងបានបន្ស៊ីឧបករណ៍អធិការកិច្ច ជាមួយស្តង់ដាសាលារៀនគំរូ ដើម្បីក្តាប់បានស្ថានភាពរបស់សាលារៀននីមួយៗ និងឈាន ទៅរៀបចំសកម្មភាពជាក់លាក់សម្រាប់ចុះជួយគាំទ្រ។
ការរៀបចំតេស្តស្តង់ដា៖ ដើម្បីពង្រឹងរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅកម្រិត សាលារៀន និងជាមូលដ្ឋានសម្រាប់រៀបចំផែនការកែលម្អសាលារៀន។ ក្រសួងបាន និងកំពុង រៀបចំសេចក្តីណែនាំ ដើម្បីជំរុញឱ្យសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាអនុវត្តតេស្តស្តង់ដា បានច្បាស់លាស់។ ការធ្វើតេស្តស្តង់ដា ប្រចាំខែ ត្រីមាស និងឆមាស លទ្ធផលនឹងត្រូវយកមក កែលម្អការបង្រៀននិងរៀន។ ម៉្យាងវិញទៀត ក្រសួងចាប់ផ្តើមយកសំណួរតេស្តកម្រិតតំបន់ និងកម្រិតអន្តរជាតិមកអនុវត្តតាមសាលារៀន ដើម្បីធានាសង្គតិភាពរវាងការរៀន និងការ បង្រៀន និងការធ្វើតេស្ត។
ការអនុវត្តវិធីសាស្ត្របង្រៀន ដែលបានអនុវត្តនៅសាលារៀនជំនាន់ថ្មី៖ ដោយក្រសួងបាន និងកំពុងជំរុញឱ្យសាលារៀនគំរូអនុវត្ត “វិធីសាស្ត្របង្រៀនថ្មី” ដូចជាការបង្រៀនតាមបែបគម្រោង ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ជាដើម ដើម្បីពង្រឹងគុណភាពអប់រំ និងលើកកម្ពស់ បំណិនសតវត្សទី២១ និងឆ្លើយតបនឹងតេស្ត PISA។
យុទ្ធសាស្ត្រការបង្រៀននិងរៀនពេញមួយថ្ងៃ៖ ក្រសួងបានដាក់ឱ្យអនុវត្តការរៀន និង បង្រៀនពេញមួយថ្ងៃ ដោយប្រើមូលនិធិសមធម៌នៅតាមសាលាបឋមសិក្សាចំនួន ២០កន្លែង។ ជាមួយនេះ ក្រសួងបាននិងកំពុងរៀបចំយុទ្ធសាស្ត្របង្រៀនពេញមួយថ្ងៃ តាមរយៈការលើក កម្ពស់អំណានបន្ថែម និងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សន្លឹកកិច្ចការ កម្មវិធីកីឡា ការងារ សង្គម ការបង្រៀនសិល្បៈ និងវប្បធម៌ខ្មែរ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច ធិបតីនាយករដ្ឋមន្ត្រី។
ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា៖ ក្រសួងបានជំរុញឱ្យសាលារៀនដែលមានសក្តានុពល ដើម្បីបង្កើនម៉ោងសិក្សាពី ៤ម៉ោងក្នុង ១ថ្ងៃ នាពេលបច្ចុប្បន្នទៅ ៦ម៉ោងក្នុង១ថ្ងៃ ឬ ៤០ម៉ោង ក្នុង១សប្តាហ៍ ដោយគិតគូរអំពីលទ្ធភាពនៃបន្ទប់រៀន និងចំនួនគ្រូបង្រៀន។ ក្រសួងបានចេញ សេចក្តីណែនាំ ដើម្បីដោះស្រាយបញ្ហាវត្តមានរបស់គ្រូបង្រៀន និងវត្តមានរបស់សិស្ស ព្រមទាំង ការពង្រឹងវិន័យនៅក្នុងនិងក្រៅសាលារៀន។ ក្រសួងបានជំរុញឱ្យសាលារៀនរៀបចំយន្តការ និង បង្កើតក្លឹបសិក្សាដើម្បីធ្វើស្វ័យសិក្សា និងការជួយសិស្សរៀនយឺត។ ជាមួយនេះ ក្រសួងបានចេញ សេចក្តីណែនាំស្តីពី ការបង្កើតនិងដំណើរការគណៈកម្មការគ្រប់គ្រងគ្រឹះស្ថានសិក្សាមធ្យមសិក្សា សាធារណៈ ដែលជាផ្នែកមួយជំរុញ “ភាពជាដៃគូសាធារណៈនិងសហគមន៍ក្នុងការអប់រំ” ក្នុង គោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបំផុសស្មារតីចូលរួម ជាពិសេសការបង្កើតទំនាក់ ទំនងល្អរវាងមាតាបិតាសិស្ស និងគ្រូបង្រៀន ដើម្បីផ្តល់ព័ត៌មាន និងជួយគ្នាទៅវិញទៅមកអំពី ការអប់រំសិស្ស។
ការអនុវត្តអំណាន និងគណិតវិទ្យាថ្នាក់ដំបូង៖ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់សិស្ស នៅបឋមសិក្សា និងភូមិសិក្សាបន្តបន្ទាប់ទៀត។ ក្រសួងបាននិងកំពុងពង្រឹង គុណភាពនៃការ
អប់រំកម្រិតបឋមសិក្សាតាមរយៈ៖ (១) ការលើកកម្ពស់អំណានដំបូង (២)គណិតវិទ្យាថ្នាក់ដំបូង (៣)បង្កើនចំនួនគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣, និង(៤)បង្កើត «សាលាគំរូ អំណាននិងគណិតថ្នាក់ដំបូង»។
ការលើកកម្ពស់«អំណានថ្នាក់ដំបូង» និង«គណិតវិទ្យាថ្នាក់ ដំបូង» ជាពិសេសការបណ្តុះបណ្តាលគ្រូ និងការពង្រីកការអនុវត្តនៅទូទាំងប្រទេសមាន គោលដៅលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើនលទ្ធផលសិក្សារបស់សិស្សពោលគឺ កុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា។ ជាលទ្ធផល ក្រសួងបានសហការ ជាមួយដៃគូអភិវឌ្ឍ អនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ទី១ បានគ្រប់សាលាបឋមសិក្សាក្នុង ២២ រាជធានី ខេត្ត អំណានថ្នាក់ទី២ បានអនុវត្តក្នុង ១៩ខេត្ត និងអំណានថ្នាក់ទី៣ បានអនុវត្តនៅ ខេត្តកំពងឆ្នាំង។ កញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ទី១ បានអនុវត្តនៅ ៨ខេត្ត និងកញ្ចប់សម្ភារ គណិតវិទ្យាថ្នាក់ទី២ បានអនុវត្តនៅ ៦ខេត្ត។ ក្រសួងបានបញ្ចូលកញ្ចប់អំណានថ្នាក់ដំបូង និង គណិតវិទ្យាថ្នាក់ដំបូង ក្នុងការបណ្តុះបណ្តាលគ្រូនៅតាមសាលាគរុកោសល្យ។
សេចក្តីណែនាំស្តីពី ការបង្កើតគ្រឹះស្ថានសិក្សា រួមទាំងសាលារៀនឧបសម្ព័ន្ធ៖ ដើម្បីកំណត់ បានទំហំគ្រប់ដណ្តប់នៃសេវាអប់រំរបស់សាលារៀននីមួយៗបានច្បាស់លាស់ រួមទាំងការបង្កើត សាលាឧបសម្ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ដឹកនាំ និងប្រសិទ្ធភាពការងារនៅ គ្រប់កម្រិត។ សេចក្តីណែនាំនេះនឹងចេញឱ្យអនុវត្តនាពេលឆាប់ៗនេះ។ បញ្ហាប្រឈមកន្លងមកគឺ ប្រជាពលរដ្ឋបានទៅរស់នៅតំបន់ដីថ្មី និងបានបង្កើតជារោងដោល ដោយគ្មានការទទួលស្គាល់ ពីក្រសួង (ចំនួនជាង ៣០០) ជាហេតុធ្វើឱ្យតម្រូវការក្នុងការសាងសង់អគារថ្មីកើនឡើងខ្លាំង លើសពីលទ្ធភាពជាក់ស្តែង។
* កំណែទម្រង់មុខងារសាធារណៈ
ការពិនិត្យឡើងវិញមុខងារក្រសួង និងអនុក្រឹត្យថ្មី៖ ក្រសួងបានធ្វើការវិភាគមុខងារបែប ស៊ីជម្រៅតាមស្មារតីនៃការធ្វើវិចារណកម្ម ដោយបានកាត់ចោលមុខងារត្រួតស៊ីគ្នាក្នុងការអនុវត្ត ភារកិច្ច និងបានកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួន ឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ការកែសម្រួលរចនាសម្ព័ន្ធនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងអនុវត្តកំណែទម្រង់វិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាព និងរៀបចំផែនការអភិវឌ្ឍបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បី ពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពមន្ត្រីរាជការ ក្នុងគោលដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ។ ក្រសួងបានពិនិត្យ និងកាត់បន្ថយនាយកដ្ឋានចំនួន៤ និង ការិយាល័យ ចំនួន ៣៤ និងបានប្រែក្លាយអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ទៅជាអគ្គលេខាធិការដ្ឋាន ដើម្បីសម្របសម្រួលការងារ ព្រមទាំងបង្កើតអគ្គនាយកដ្ឋានថ្មីមួយគឺ អគ្គនាយកដ្ឋានអភិវឌ្ឍ ធនធានមនុស្ស។
ការរៀបចំផែនការអភិវឌ្ឍសមត្ថភាព៖ ដើម្បីពង្រឹងការគ្រប់គ្រងធនធានមនុស្ស ដោយ ផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈជាគ្រូបង្រៀន ភាពជាអ្នកដឹកនាំនិងគ្រប់គ្រង និងអ្នក ស្រាវជ្រាវ និងវាយតម្លៃ ព្រមទាំងបង្កើតយន្តការតម្រង់ទិសការងារ ការចុះជួយបង្វឹកការងារ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។ ជាកិច្ចបន្ទាប់ ក្រសួងនឹងរៀបចំ និងអនុម័តផែនការស្តីពីការ អភិវឌ្ឍសមត្ថភាពក្នុងវិស័យអប់រំ ២០២៤-២០២៨ ឱ្យបានមុនដំណាច់ឆមាសទី១ ឆ្នាំ២០២៤ និងកំណត់អាទិភាពបណ្តុះបណ្តាលអ្នកជំនាញឱ្យបានពី ១០០ ទៅ ២០០នាក់ ក្នុងរយៈពេល ២ឆ្នាំ។
ការសិក្សាបែងចែកតំបន់ជួបការលំបាក៖ គឺជាកិច្ចការដ៏សំខាន់នៃការគ្រប់គ្រងបុគ្គលិក ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវការផ្តល់ និងរក្សាបុគ្គលិកអប់រំនៅតាមសាលារៀនទូទាំង ប្រទេសសំដៅធានាបានសមធម៌ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ ក្រសួងបាន ពិនិត្យកែសម្រួលការកំណត់លក្ខខណ្ឌស្តីពី តំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ឱ្យទៅ ជាការកំណត់សាលារៀនជួបការលំបាក ដែលសំដៅដល់សាលារៀនស្ថិតក្នុងភូមិសាស្រ្តងាយ រងគ្រោះដោយកត្តាធម្មជាតិ ស្ថិតនៅតំបន់ដាច់ស្រយាល និងខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុង សហគមន៍ ស្ថិតក្នុងសហគមន៍ងាយរងគ្រោះដោយកត្តាផ្សេងៗ និងលទ្ធផលសិក្សាទាប។
ក្រសួងនឹងប្រើប្រាស់ថវិកាដែលសន្សំបាន ដើម្បីប្រើប្រាស់សម្រាប់លើកទឹកចិត្តគ្រូ ឱ្យមាន ប្រសិទ្ធភាព ក្នុងគោលដៅពង្រាយគ្រូឱ្យបានដល់សាលាដែលជួបការលំបាកពិតៗ។
ការសិក្សាលើដំណោះស្រាយបញ្ហាខ្វះអគារសិក្សា ថ្នាក់រៀន ការខ្វះគ្រូ និងបន្ទប់រៀន ដែលមានសិស្សច្រើនលើសលប់៖ ក្រសួងបានធ្វើការសិក្សាស្តីពី ស្ថានភាពអគារសិក្សា ខ្វះគ្រូ បង្រៀន និងបន្ទប់រៀនដែលមានសិស្សច្រើន និងកំពុងពិគ្រោះយោបល់ និងដាក់ចេញវិធានការ ដោះស្រាយជាក់លាក់ ដើម្បីធានាបានការធ្វើផែនការ និងការប្រើប្រាស់បុគ្គលិកអប់រំនៅកម្រិត សាលារៀន។ វិធានការដោះស្រាយរួមមាន៖ ការធ្វើចំណោលតម្រូវការគ្រូបង្រៀនរយៈពេលវែង ការរៀបចំផែនការដោយសហការជាមួយនាយកដ្ឋានបុគ្គលិក នាយកដ្ឋានផែនការ និងភាគី ពាក់ព័ន្ធ ដែលមានលក្ខណៈពីក្រោមឡើងលើ និងពីលើចុះក្រោម ដើម្បីកាត់បន្ថយកត្តាខ្វះខាត ការផ្គត់ផ្គង់គ្រូបង្រៀនដោយចៃដន្យ ការរៀបចំគោលការណ៍បែងចែកគ្រូ ដោយវិភាគទៅលើ ទីតាំងដែលអាចប្រើប្រាស់ ឬដាក់ដំណើរការបង្រៀនបែបឌីជីថលបាន ការផ្លាស់ប្តូរ គ្រូបង្រៀន ត្រូវពិនិត្យលក្ខខណ្ឌ និងកែសម្រួលដើម្បីធ្វើបច្ចុប្បន្នកម្ម ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធ។
ការជំរុញការអនុវត្តគន្លងអាជីព ដែលក្រសួងបានអនុម័តរួចហើយនូវក្របខណ្ឌគោល នយោបាយស្តីពីគន្លងអាជីពគ្រូបង្រៀន និងប្រព័ន្ធសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំង ក្របខណ្ឌនិងផែនការសកម្មភាពស្តីពី ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន និងនាយក សាលារៀន។ គន្លងអាជីពចែកចេញជា៣ផ្នែក៖ គ្រូបង្រៀន គណៈគ្រប់គ្រង និងអ្នកបច្ចេកទេស និងជា ៣កម្រិត៖ ល្អ ឆ្នើម និងឈានមុខ។ មកទល់ពេលនេះ ក្រសួងបានផ្តល់សិទ្ធិក្នុងការ ផ្តល់សេវាអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដល់អង្គភាពចំនួន ៤ និងបានបើកវគ្គចំនួន ៣៧ប្រធានបទ រួចហើយ ដើម្បីផ្តល់ឱកាសដល់បុគ្គលិកអប់រំក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងវិធីសាស្ត្រ បង្រៀន។ ជាមួយគ្នានេះ ក្រសួងក៏បណ្តុះស្មារតីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំពេញមួយជីវិតការងារ ដល់បុគ្គលិកអប់រំ ដោយផ្តោតលើ៖
១). ធានាឱ្យមានក្របខណ្ឌអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ
២). ធានាថាបុគ្គលិកអប់រំគ្រប់រូបនឹងទទួលបានវគ្គវិក្រឹតការទៀងទាត់
៣). ធានាការផ្សារភ្ជាប់រវាងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងគន្លងអាជីពបុគ្គលិកអប់រំ និង
៤). ធានាឱ្យមានប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការផ្សារ ភ្ជាប់កំណែទម្រង់គ្រូបង្រៀន និងកំណែទម្រង់សាលារៀន។
ការលើកកម្ពស់ការប្រឡងប្រណាំង៖ ក្រសួងបានលើកទឹកចិត្ត និងជំរុញឱ្យមានការ ប្រឡងប្រណាំងសាលារៀនល្អ គ្រូបង្រៀនល្អ នាយកល្អ សាលារៀនគំរូ និងប្រធានមន្ទីរគំរូ ឱ្យបានកាន់តែច្រើន តាមរយៈការរៀបចំយន្តការវាយតម្លៃនៅកម្រិតការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និង នៅថ្នាក់ជាតិ។ គ្រូបង្រៀនល្អ នាយកល្អ និងអ្នកជំនាញល្អ ត្រូវបានបញ្ចូលទៅក្នុងគន្លងអាជីព ដោយស្វ័យប្រវត្តិ។
* កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
ក្រសួងបាននិងកំពុងអនុវត្តថវិកាកម្មវិធីពេញលេញ និងបានធ្វើបច្ចុប្បន្នកម្មរចនាសម្ព័ន្ធ កម្មវិធី និងអនុកម្មវិធី ក៏ដូចជាការបង្កើនការទទួលខុសត្រូវរបស់អង្គភាពអនុវត្ត ការធ្វើបច្ចុប្បន្នកម្ម ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា និងការពង្រឹងការគ្រប់គ្រងមូលនិធិដំណើរការ សាលារៀន ព្រមទាំងការរៀបចំរបាយការណ៍សមិទ្ធកម្ម ផងដែរ។
* ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ
ក្រសួងក៏បានពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មាននៅក្នុងវិស័យអប់រំ ទាំងប្រព័ន្ធគ្រប់គ្រង ព័ត៌មាននៅថ្នាក់ជាតិ និងនៅតាមសាលារៀន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការរៀបចំ ផែនការ ការពិនិត្យតាមដាន ការវាយតម្លៃ និងរបាយការណ៍។ មកទល់ពេលនេះ ក្រសួងមាន ប្រព័ន្ធព័ត៌មានច្រើនដូចជា EMIS, FMIS, HRMIS, SIS, Sala Digital ។ល។ ដែលក្រសួង មានទិសដៅរៀបចំកែលម្អប្រព័ន្ធព័ត៌មានទាំងនេះឱ្យបានល្អ និងធ្វើសុខុដុមនីយកម្មជាមួយគ្នា ទាំងព័ត៌មានគ្រូបង្រៀន ព័ត៌មានសិស្ស និងការងារគ្រប់គ្រងសាលារៀនជាទូទៅ ដើម្បីធានា សុក្រឹតភាពទិន្នន័យ ការវិភាគទិន្នន័យ និងការប្រើប្រាស់ទិន្នន័យសម្រាប់ការសម្រេចចិត្តផ្នែក គោលនយោបាយ ដើម្បីងាយស្រួលក្នុងការកំណត់សាលារៀនអាទិភាព ដែលត្រូវផ្តល់ការគាំទ្រ ពីក្រសួង ឬពីគម្រោងនានា និងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សាលារៀន។
* កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
ក្រសួងបានធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដែលផ្តោតលើ៖ (១)ការកែលម្អ កម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូ, (២)ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែក ខ្លឹមសារមេរៀន, គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀន, (៣)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប, (៤)ការអភិវឌ្ឍភាពជាអ្នកដឹកនាំនិងគ្រប់គ្រង, (៥)ការផ្សារ ភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ដកម្មវិធីសិក្សាគរុកោសល្យ, និង (៦)ការធានាគុណភាពនៃការបណ្តុះ បណ្តាល។ ក្នុងពេលខាងមុខ ក្រសួងនឹង៖
១) បន្តអនុវត្តកំណែទម្រង់សាលាគរុកោសល្យ តាមរយៈ (i) បង្កើនគុណវុឌ្ឍិ ១២+៤ ឬ បរិញ្ញាបត្រ+១សម្រាប់គ្រូបង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ និងបរិញ្ញា+២ សម្រាប់ គ្រូបង្រៀននៅមធ្យមសិក្សាទុតិយភូមិ (ii) កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បី បំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង (iii) ផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ
២) ឈានឆ្ពោះទៅអនុវត្តអាជ្ញាប័ណ្ណគ្រូបង្រៀន(គ្រូបង្រៀនកិច្ចសន្យាពិសេស) សម្រាប់ សាលារៀននៅជនបទ និងជួបការលំបាក ដោយប្រើប្រាស់គុណវុឌ្ឍិដូចគ្នា
៣) អនុវត្តវិធីសាស្រ្តបង្រៀនថ្មីសម្រាប់មធ្យមសិក្សាស្របទៅនឹងកម្មវិធីរង្វាយតម្លៃ PISA ជាពិសេសផ្តោតលើចំណេះដឹង និងបំណិនសតវត្សទី២១ ដូចដែលបានអនុវត្តនៅ សាលារៀនជំនាន់ថ្មី និងអនុវត្តអំណានដំបូង និងគណិតវិទ្យាដំបូង នៅកម្រិត បឋមសិក្សា
៤) ដាក់ឱ្យប្រើប្រាស់វិធីសាស្រ្តបង្រៀន វិធីសាស្រ្តរៀន និងវិធីសាស្រ្តវាយតម្លៃថ្មី ដែល អាចអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិន នៃការគិតប្រកបដោយការត្រិះរិះពិចារណា និងដោះស្រាយបញ្ហាដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ
៥) លើកកម្ពស់ការអប់រំឌីជីថល និងវេទិកាសិក្សាអេឡិចត្រូនិក ដើម្បីចែករំលែក ឧត្តមានុវត្តន៍ដល់គ្រូបង្រៀន
៦) ការផ្តល់ឋានៈដល់គ្រូឧទ្ទេស។
* កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
ក្រសួងបាន (១) លើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំរបស់ក្រុមការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការប្រចាំក្រសួង (២)ត្រួតពិនិត្យ និងគាំទ្រដល់ការអនុវត្តមុខងាររបស់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ (៣)កែសម្រួលរចនាសម្ព័ន្ធតួនាទី មុខងាររបស់មន្ទីរអប់រំ យុវជន និង កីឡា ដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (៤)ផ្សព្វផ្សាយអនុក្រឹត្យលេខ ២១៣ ដល់ ថ្នាក់ដឹកនាំបច្ចេកទេស (៥)បើកវគ្គបណ្ដុះបណ្ដាលស្តីពី គោលការណ៍ បែបបទ និងនីតិវិធី អនុវត្តមុខងារអប់រំ យុវជន និងកីឡាជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំង ប្រទេស (៦)ពង្រឹងនីតិវិធីក្នុងការតែងតាំងនាយក នាយករងសាលារៀនដោយថ្នាក់ក្រោមជាតិ និង (៧)ពង្រឹងការត្រួតពិនិត្យ ដើម្បីធានាថាថ្នាក់ក្រោមជាតិអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួង៕
ដោយ៖ តារា