ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សមិទ្ធផលដែលលេចធ្លោគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ការរៀបចំប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា ឆ្នាំ២០២៣ និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានដំណើរការប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានលើកស្ទួយកិត្តិយសនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ ក្នុងឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ប្រមាណ៥,៦% សម្រាប់ឆ្នាំ២០២៤នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនក្នុងអត្រា៦,៦%។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ចំពោះទំហំពាណិជ្ជកម្មអន្តរជាតិក្នុង ឆ្នាំ២០២៣ មានប្រមាណជាង ៤៧ ៨៧៧,៥១លានដុល្លារអាមេរិក ចំណែកឯការនាំចេញមានប្រមាណ ជាង២៣ ៤៧០,៤១លានដុល្លារអាមេរិក។
អត្រាប្តូរប្រាក់មានស្ថិរភាព អតិផរណាស្ថិតក្នុងកម្រិតទាបនិងអាច គ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិបន្តកើនឡើងដល់២១ ២៨៥លានដុល្លារអាមេរិក។ ផលិតផលក្នុងស្រុក សរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ បានកើនឡើងពី១ ៧៨៥ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ប្រមាណ១ ៩១៧ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងត្រូវបានរំពឹងថាកើនឡើងដល់២ ០៧១ដុល្លារ អាមេរិក ក្នុងឆ្នាំ២០២៤នេះ។ រាជរដ្ឋាភិបាលក៏នៅបន្តការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ដោយដំឡើងប្រាក់បៀវត្សអប្បបរមាដល់ជាង១លាន៣៥ម៉ឺនរៀល ហើយអនុវត្តការបើកបៀវត្សបានទៀងទាត់ពេលវេលា គឺបើក២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ ព្រមទាំងបានដំឡើងប្រាក់សោធនជូននិវត្តជននិងជនបាត់បង់សម្បទាវិជ្ជាជីវៈ ជាអតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ជាពិសេសកាត់បន្ថយគម្លាតប្រាក់សោធន៍ រវាងអ្នកចូលនិវត្តន៍ចាស់និងថ្មី។ លើសពីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្ម វិធីគោលនយោបាយអាទិភាព ចំនួន៦ ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរីកចម្រើននិងដើម្បីឆ្លើយតបសេចក្តីត្រូវការ ចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជន ដែលរួមមាន ៖
១-ការផ្តល់ការថែទាំសុខភាព
ឆ្ពោះទៅរកកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយពង្រីករបបសន្តិសុខនិងមូលនិធិសមធម៌សុខាភិបាលដែលគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ សរុបជាង ៤៩ម៉ឺនគ្រួសារ ក្រសោបនូវប្រជាជនប្រមាណជាង ១,៨លាននាក់ ហើយសមាជិក ប.ស.ស. បានកើនឡើងរហូតដល់ចំនួន ២ ១៧០ ១៦៩នាក់។
២-ការបណ្តុះបណ្តាលវិជ្ជាជីវៈនិង ជំនាញបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ដោយគិត ត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានយុវជនចំនួន ២៧ ៨៩៤នាក់ បានចុះឈ្មោះ និងបានបណ្តុះបណ្តាលសិស្ស ក្នុងវគ្គទី១ បានចំនួន ១២ ២៦៩នាក់ ក្នុងកម្មវិធីសិក្សាចំនួន៥៤៤ថ្នាក់ លើមុខជំនាញចំនួន២៤ ។
៣-ការធ្វើស្ថាប នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម, ។
៤-ការជំរុញនិងលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
៥-ការរៀបចំ យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ កសិផលសំខាន់ៗក្នុងកម្រិតសមរម្យ ។
៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្មនៅគ្រប់ឃុំ សង្កាត់ ដែល មានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ព្រមទាំងបានដាក់ចេញនូវ វិធានការគន្លឹះចំនួន៥ ដើម្បីជំរុញនិង បង្កើនល្បឿនបន្ថែមលើកិច្ចការកែទម្រង់ ក្នុងគោលដៅកែលម្អ និងឈានទៅ កសាងសមត្ថភាពនិងយន្តការស្ថាប័នរឹងមាំ ព្រមទាំងធានាឱ្យបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយ ជវភាពនិងសមិទ្ធកម្ម៕
ដោយ ៖ សុខ ខេមរា