ខេត្តបន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកកិច្ចការចុះបញ្ជីដីធ្លីបញ្ចប់វិវាទ គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា ហើយអ្វីដែលយើងបានអនុវត្តនេះ គឺសំដៅទៅបញ្ចប់ឲ្យបានមុនឆ្នាំ២០២៩ ដើម្បីគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តីរូបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ។
លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ៖ ការចុះបញ្ជីដីធ្លីនេះ គឺបានទទួលនូវការស្វាគមន៍ និងការសាទរជាច្រើន ដែលនេះគឺជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋ និងជាជោគជ័យមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការចុះបញ្ជីដីធ្លីនេះ ក៏បានបញ្ចប់នូវវិវាទដីធ្លីជាច្រើនរវាងបុគ្គលនិងបុគ្គល និងបានបង្កើតនូវបរិយាកាសដែលមិនមានវិវាទនៅកម្ពុជា។ នាពេលខាងមុខ ទិន្នន័យដែលក្រសួងអាចរៀបចំបាននេះ នឹងត្រូវយកទៅបម្រើសេវាសាធារណៈតាមរយៈសេវាគាប់ចិត្តតាមបច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញដល់អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងអគ្គនាយកលំនៅដ្ឋាន ត្រូវចូលរួមសហការគ្នាជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តការងាររៀបចំប្លង់គោល ការរៀបចំក្រុង លំនៅឋាន ដីធ្លីសម្រាប់កសិកម្ម ផ្លូវថ្មើរជើង និងលំហសាធារណៈស្របតាមសក្តានុពលរបស់ខេត្ត ដើម្បីកែលម្អខេត្តនេះឱ្យក្លាយជាទីដែលមានបរិយាកាសប្រកបដោយផាសុកភាព និងផ្ដល់សុខមាលភាពក្នុងការរស់នៅសម្រាប់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា បច្ចុប្បន្នខេត្តបន្ទាយមានជ័យ នៅសល់ប្រមាណ ៣២៥.០០០ ក្បាលដីទៀត ដែលកំពុងអនុវត្តនិងជំរុញនីតិវិធីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធដើម្បីសម្រេចបញ្ចប់ការចុះបញ្ជីឱ្យបានរួចរាល់ទាំងស្រុងនាឆ្នាំ ២០២៥ ខាងមុខ៕
ដោយ ៖ សិលា