ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតជូនពរ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងនគរបាលជាតិជាទីស្នេហា ! ថ្ងៃនេះគឺជាទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃចាប់បដិសន្ធិកងកម្លាំងនគរបាលជាតិ ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤ ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយកិត្យានុភាព និងឧត្តមភាព ក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ * ព្រះបរមរតនកោដ្ឋ ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរដោយមនោសញ្ចេតនា សោមនស្សរីករាយយ៉ាងក្រៃលែង ព្រមទាំងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយសេចក្តីស្រលាញ់ យ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រី នគរបាលជាតិគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក៏ដូចជានិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់ សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរ ដល់មន្ត្រីនគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយ ដើម្បីបានវិលត្រឡប់មករួមរស់ជួបជុំក្រុមគ្រួសារ និងបានមកបំពេញការងារនៅតាមអង្គភាពវិញ ។ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលជាតិទូទាំងប្រទេស ជាទីស្រលាញ់រាប់អាន !

ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដោយបានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍ ដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងមាន ជំនឿទុកចិត្ត។ គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ ការធ្វើពលិកម្មប្រកបដោយភក្តីភាពរបស់កងកម្លាំង នគរបាលជាតិក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការរក្សាបាននូវស្ថិរភាពសន្តិសុខ ផ្ទៃក្នុង ការបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបានប្រក្រតីកម្មស្ថាប័នជាតិ ជីវភាពសង្គម និងគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់អង្គព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិ សំខាន់ៗជាប្រវត្តិសាស្ត្រ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានដំណើរការប្រកបដោយសុវត្ថិភាពទាំងស្រុង ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ ត្រចះត្រចង់ទាំងអស់នោះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិទាំង អស់ឲ្យខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ដែលជាបុរេលក្ខណៈមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិលើ គ្រប់វិស័យ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីមេត្រី !

សម្រាប់ឆ្នាំ២០២៤នេះ សភាពការណ៍ពិភពលោកកំពុងតែបន្តវិវត្តប្រែប្រួល ស្មុគស្មាញប្រឈម នឹងបញ្ហាវិបត្តិជាច្រើនដែលមានលក្ខណៈជាសកល និងបានជះឥទ្ធិពលប៉ះពាល់ដល់វិស័យសន្តិសុខ នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ និងសុខភាពសាធារណៈ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏ទទួល រងផលប៉ះពាល់ជាសកលនេះផងដែរ។ ចំពោះសភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីត្បិតតែយើងកំពុងបន្តរីករាយ ទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គមដែលជាបរិស្ថានគ្រប់ដណ្តប់ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលមន្ត្រីនគរបាលគ្រប់ លំដាប់ថ្នាក់ ត្រូវទទួលរ៉ាប់រងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ខ្ញុំមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះសមត្ថភាព មនសិកាស្នេហាជាតិ មាតុភូមិ និង ភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ និងសូមសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព សមត្ថភាព ប្រសិទ្ធភាព និងមានភាពថ្លៃថ្នូរ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះបងប្អូន កូនចៅ ក្រុមគ្រួសារ ញាតិ សន្តាននៃកងកម្លាំងនគរបាលជាតិ ដែលបានលះបង់ស្វាមី ភរិយា ឪពុក ម្តាយ សមាជិកគ្រួសារ ឱ្យចូល បម្រើក្នុងកងជួរកម្លាំងនគរបាលជាតិ ព្រមទាំងបានគាំទ្រ ជួយទំនុកបម្រុង លើកទឹកចិត្ត បង្កលក្ខណៈ សម្បត្តិគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិតាំងពីដើមរៀងរហូតមក។ ទន្ទឹមនេះក៏សូមឧទ្ទិស នូវទឹកចិត្តកតញ្ញូកតវេទីជូនចំពោះវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មដ៏ឧត្តុង្គឧត្តម ដើម្បីប្តូរយកភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ នាឱកាសប្រកបដោយសិរីមង្គលនៃទិវាខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ កម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយប្រោសព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖