ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-អូស្ត្រាលី​ ពន្លឿនគំរោងអភិវឌ្ឍសួន កសិ-ឧស្សាហកម្ម (AIP) ដើម្បីកែច្នៃផលិតផលកសិកម្ម​ គ្រាប់ស្វាយចន្ទី ,ដំឡូងមី ,អង្ករ ,ស្វាយ ,ចេក និងបន្លែ

ចែករំលែក៖

ភ្នំពេញ​៖​ ជាកិច្ចខិតខំប្រឹងប្រែងក្នុងបង្កើនភាពធន់ និងឧត្តមភាពប្រកួតប្រជែងឱ្យកាន់តែប្រសើរ​នៃសេដ្ឋកិច្ច​ រដ្ឋាភិបាលកម្ពុជា​ សហការជាមួយរដ្ឋាភិបាលអូស្ត្រាលីកំពុងពន្លឿន​គំរោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park–AIP) ដើម្បីកែច្នៃផលិតផលកសិកម្ម រួមមាន៖​ គ្រាប់ស្វាយចន្ទី ,ដំឡូងមី ,អង្ករ ,ស្វាយ ,ចេក និងបន្លែ។ល។

អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោក នុត អ៊ុនវ័ណរ៉ា និងសហការី​ បាន​ជួប​ពិភាក្សាការងារជាមួយមន្ត្រីជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)ស្តីពីគំរោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park) កាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយដែលកិច្ចពិភាក្សាបានផ្តោតជាចម្បងលើវឌ្ឍនភាពនៃការរៀបចំអភិវឌ្ឍគំរោង, ទិដ្ឋភាពគន្លឹះនៃគំរោង, ដំណើរការកិច្ចលទ្ធកម្ម, យន្តការស្ថាប័នសម្រាប់គ្រប់គ្រងគំរោង, ដំណើរការវាយតម្លៃ និងធាតុចូលពាក់ព័ន្ធផ្សេងៗទៀតដើម្បីឲ្យការអនុវត្តគំរោងនេះមានភាពគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់គណៈកម្មាធិការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា។

គណៈកម្មាធិការសម្របសម្រួលសម្រាប់ការសិក្សា និងអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា បានបើកកិច្ចប្រជុំលើកទី៣ នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២ ដែលខេត្តចំនួនបីត្រូវបានជ្រើសរើសសម្រាប់ការបង្កើតតំបន់ឧស្សាហកម្មគឺ​បាត់ដំបង កំពង់ស្ពឺ និង​កំពង់ធំ។

​យោងតាមការសិក្សាបឋមឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា AIP ត្រូវបានគេរំពឹងថានឹងផ្តល់បង្កើនចំណូលប្រមាណ ៥,១ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១សែនកន្លែង ដែលជាងពាក់កណ្តាលជាស្ត្រី។

ស្ថានទូតអូស្ត្រាលី​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីឧសភាឆ្នាំ២០២៣ថា កសិផលជាវត្ថុធាតុដើមមិនទាន់កែច្នៃរបស់កម្ពុជាប្រមាណ៩៥ត្រូវបានលក់​ទៅប្រទេសជិតខាងក្នុងអាស៊ាន​។ ស្ថានទូតក៏បានបង្ហាញថា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី ស្រូវ ស្វាយ ចេក និងបន្លែសម្រាប់ទាំងទីផ្សារក្នុងស្រុក និងនាំចេញ កម្ពុជាត្រូវមានកន្លែងកែច្នៃកសិផលផ្ទាល់របស់ខ្លួន។

​ស្ថានទូតអូស្រ្តាលី​ បានបញ្ជាក់​ថា​៖ «​ដើម្បី​សម្រេច​បាន​នូវគោលដៅ​នេះ កម្ពុជា​ត្រូវ​ការ​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​កសិផល​របស់​ខ្លួន។ ហេតុដូច្នេះ​ហើយ​ជា​មូល​ហេតុ​ដែល​អូស្ត្រាលី​​។​AIP នេះនឹងផ្តល់ជូននូវកន្លែងកែច្នៃកសិ-ឧស្សាហកម្ម រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការកសាងសមត្ថភាព និងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រី».

ជាមួយគ្នានោះ​ បេីយោង​តាម​របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ប្រទេសកម្ពុជាបាននាំចេញកសិផលចំនួន ៨,៤ លានតោនកាលពីឆ្នាំមុន ដោយទទួលបានប្រាក់ចំណូលប្រមាណ ៤,៣ ពាន់លានដុល្លារអាមេរិក៕

ដោយ​៖ តារា​


ចែករំលែក៖