ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រើនរំលឹក៖ ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះពន្ធលើអចលនទ្រព្យ នឹងត្រូវផុតកំណត់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះហើយ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​ពន្ធដារ​ នៅព្រឹកថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ នៅសល់តែប្រមាណមួយខែទៀតប៉ុណ្ណោះ គឺនៅដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យនឹងត្រូវផុតកំណត់។ ដូចនេះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានប្រកាសនិងបង់ប្រាក់ពន្ធនាឆ្នាំ កន្លងមក(មុនឆ្នាំ២០២៤) សូមមកប្រកាសនិងបង់ប្រាក់ពន្ធសម្រាប់ឆ្នាំដែលខកខាននេះឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការលើកលែង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។

ចំពោះអចលនទ្រព្យដែលមិនធ្លាប់ចុះបញ្ជី សូមម្ចាស់អចលនទ្រព្យ រួសរាន់មកចុះបញ្ជីអចលនទ្រព្យ របស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដារ ឬ សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ដោយត្រូវបំពេញទម្រង់ចុះបញ្ជីដែលរដ្ឋបាលសារពើពន្ធបានកំណត់ (FORM PT 01) និងភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចជា៖

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស

-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ប្រសិនបើមាន)

-បណ្ណសម្គាល់កម្មសិទ្ធិឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ

-រូបថត និងទីតាំងអចលនទ្រព្យ (និយាមកា៖ ដែលមានរយៈទទឹង និងរយៈបណ្តោយ)

-វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)

-ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។

អចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ ត្រូវទទួលបានលេខអត្តសញ្ញាណកម្មសម្គាល់អចលនទ្រព្យ សម្រាប់ប្រើប្រាស់លើឯកសារទាក់ទិននឹងអចលនទ្រព្យនោះ។

អ្នកជាប់ពន្ធត្រូវផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ទៅតាមទម្រង់ដែលបានកំណត់ដោយរដ្ឋបាល សារពើពន្ធ ក្នុងករណីដូចខាងក្រោម៖

ក. អចលនទ្រព្យ ត្រូវបានប្រែប្រួលដូចជា៖

-ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ 

-ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល។

ខ. អចលនទ្រព្យ ត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ។

គ. អចលនទ្រព្យ ត្រូវបានបំបែក ឬបង្រួមក្បាលដី។ ម្ចាស់អចលនទ្រព្យអាចប្រកាសនិងបង់ប្រាក់ពន្ធនេះនៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬគ្រប់សាខាធនាគារពាណិជ្ជដៃគូ របស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមអនឡាញ តាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ “GDT Taxpayer App” ដែលអាចទាញយកពី App Store ឬ Play Store បាន៕

ដោយ​៖ តារា​


ចែករំលែក៖