ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អាស៊ានរួមគ្នាពង្រឹងសាកលភាវូបនីយកម្ម ដើម្បីធ្វើឱ្យពិភពលោកកាន់តែខិតជិតគ្នា

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រលកនៃការជឿនលឿននៃបច្ចេកវិទ្យាបានផ្លាស់ប្តូរមូលដ្ឋានសេវាកម្ម និងឥរិយាបទរបស់មនុស្សជាតិ កាត់បន្ថយចម្ងាយផ្លូវនិងភូមិសាស្ត្រ ដោយបង្កើនល្បឿននិងពង្រឹងសាកលភាវូបនីយកម្ម ដែលបានជួយឱ្យពិភពលោករបស់យើងកាន់តែខិតជិតគ្នា និងបង្កើនកាលានុវត្តភាពនៃការចែករំលែកចំណេះដឹង និងធនធានសេដ្ឋកិច្ចសម្រាប់ពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អាស៊ានពិតជាទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីសកលភាវូបនីយកម្មដែលគាំទ្រដោយការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ សាកលភាវូបនីយកម្មនេះហើយ ដែលបានប្រែក្លាយតំបន់អាស៊ានពីតំបន់ដែលមានប្រទេសក្រីក្រច្រើន និងពីប្រទេសដែលទើបទទួលបានឯករាជ្យថ្មីៗ មកជាមជ្ឈមណ្ឌលដែលប្រកបដោយកំណើនមួយរបស់ពិភពលោក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅសណ្ឋាគារសូហ្វីតែលសៀមរាប។ 

សម្តេចបញ្ជាក់ថា «ថ្ងៃនេះ, ខ្ញុំចង់គូសរំលេចអំពីគោលការណ៍សំខាន់ពីរ ដែលខ្ញុំគិតថា អាចជួយតម្រង់ទិសនៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក»។

ចំណុចទី១៖ សម្តេចចង់សង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដែលការអភិវឌ្ឍវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ មានមូលដ្ឋានដែល «យកប្រជាជនជាស្នូល»។ សម្តេចជឿជាក់ថា យើងពិតជាមានសិទ្ធិនៅ ក្នុងការទាញប្រយោជន៍ពីវឌ្ឍនភាព នៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនេះ យើងក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និង ធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើ ដល់មនុស្សជាតិ។ វឌ្ឍនភាពថ្មីៗ ដូចជា កម្មវិធី OpenAI’s Sora ដែលជាម៉ូឌែលដែលអាចបំប្លែងអត្ថបទទៅជាវីដេអូ, ឬ កម្មវិធី Gemini របស់ Google ដែលជាម៉ូឌែល នៃកម្មវិធីដ៏មានឥទ្ធិពល ដែលមានច្រើនទម្រង់ អាចបំពេញតាមតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់។ ទាំងអស់នេះ គឺសុទ្ធតែជាកម្មវិធី ដែលមាន សក្ដានុពលយ៉ាងធំធេង ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ន នៅក្នុងការអភិវឌ្ឍកម្មវិធីទាំងនេះ ប្រកបដោយការទទួលខុសត្រូវផងដែរ។ ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមាន ដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និង តម្លៃសង្គម។ សាធារណជនទូទៅបានសម្ដែងការ ភ័យខ្លាច និង ការព្រួយបារម្ភរួចទៅហើយថា សិទ្ធិ និងឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបាន រំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម នៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ។

សម្តេចបានបន្តថា ប្រសិនបើគ្មានការអប់រំ និង ជំនាញ ជាមូលដ្ឋាន និង ការចូលរួមជាបន្តបន្ទាប់, ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ជាទូទៅ នៅក្នុងការបែងចែករវាងព័ត៌មាន ក្លែងក្លាយ និងព័ត៌មានពិត ឬ ការបែងចែករវាងរូបភាពសិប្បនិម្មិត ជាមួយនឹងរូបភាពដើម។ ពេលខ្លះ ការវិវត្តបែបនេះ បែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និង រដ្ឋាភិបាល ។ ការបំប្លែង រូបភាពដើម តាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណៈមតិ ហើយក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម, ភាពច្របូកច្របល់ និង អស្ថិរភាព ដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម ក៏ដូចជា សន្តិភាពដែលបានមកដោយលំបាក។ សាធារណជន ក៏បានសម្តែងនូវក្ដីបារម្ភ អំពីការបាត់បង់ការងារ នាពេលអនាគត និងបញ្ហាប្រឈមផ្សេងៗទៀតផងដែរ។ ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ, អ្នកស្រាវជ្រាវ និង ស្ថាប័នឯកជនផងដែរ ។ ទន្ទឹមនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត, យើងក៏ត្រូវមានការអភិវឌ្ឍក្របខណ្ឌបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់វឌ្ឍនភាព នៃបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមវិភាគទាន ពីគ្រប់ភាគីពាក់ព័ន្ធ ។

ចំណុចទី២៖ សម្តេចលើកឡើងអំពីសារសំខាន់ នៃគោលការណ៍ «ពហុភាគីនិយម»។ ពហុភាគីនិយម គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ នៅក្នុងការចាប់យកបច្ចេកវិទ្យា ដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ, មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។ ពហុភាគីនិយមមានសារសំខាន់ នៅក្នុងការបង្កើន ប្រសិទ្ធភាព តាមរយៈការស្រាវជ្រាវរួមគ្នា, ការផ្លាស់ប្តូរ, ការប្រើប្រាស់ធនធានរួមគ្នា និង ការបង្កើតភាពសុខដុម តាមរយៈការរៀបចំក្របខណ្ឌ និង វេទិការួម, និង ការរៀបចំរបៀបវារៈ សម្រាប់ការ អភិវឌ្ឍ និង វឌ្ឍនភាពរួមគ្នា ។ 

សូមបញ្ជាក់ថា ៖ អាស៊ានកំពុងធ្វើការរួមគ្នា ជំរុញបង្កើតផែនការយុទ្ធសាស្រ្តបន្ទាប់ សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ២០២៦-២០៣៥ ក្នុងគោលដៅបង្កើតផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រ ដើម្បីឈានដល់កម្រិតថ្មីមួយ នៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី អាស៊ាន ផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ក្រោម ប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ដំណើរឆ្ពោះទៅ អនាគត» នៅថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៤នេះថា អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផែនការអនុវត្ត នៃ ផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ដែលផែនការនេះ បង្ហាញពីជំហាននិងគោលដៅសំខាន់ៗ ដើម្បីសម្រេចឱ្យបាន នូវការ បង្កើត អាស៊ាន រីកចម្រើនអាស្រ័យលើវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។ 

លោកបន្តថា ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមក ក្របខណ្ឌនេះ បានជួយ បណ្តា ប្រទេស អាស៊ាន ផ្តោតលើការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញ តម្រូវ ការ ក្នុង តំបន់ ។ ជាលទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់យើង បានដោះស្រាយ យ៉ាងមាន ប្រសិទ្ធភាព នូវ យុទ្ធសាស្ត្រ បួនយ៉ាង៖ 

១) ការពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាលសាធារណៈ និងវិស័យអប់រំ ។

២) ការលើក កម្ពស់ការចល័តទេពកោសល្យ។

៣) ការបង្កើតប្រព័ន្ធ នវានុវត្តន៍ សម្រាប់ ផល ជះ ដល់ សហគមន៍។

និង ៤) ការលើកកម្ពស់ការយល់ដឹង អំពីវប្បធម៌វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍។ នាពេលបច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្នាដើម្បីបង្កើតផែនការយុទ្ធសាស្រ្តបន្ទាប់ សម្រាប់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ ២០២៦-២០៣៥ ៕ 

ដោយ ៖ សិលា


ចែករំលែក៖