ព័ត៌មានទាន់ហេតុការណ៍៖

Update៖ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ពិធីសម្ពោធបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី២៥​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមពិធីសម្ពោធបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល។ 

បណ្តាញសាកលវិទ្យាល័យសាយប័រ មានការចូលរួមពីគ្រឹះស្ថានឧត្ដមសិក្សានានានៅក្នុងប្រទេសកម្ពុជា រួមមាន៖ ១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣. សាកលវិទ្យាល័យស្វាយរៀង ៤. សាកលវិទ្យាល័យជាតិបាត់ដំបង ៥. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៦. សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៧. សាកលវិទ្យាល័យជាតិគ្រប់គ្រង ៨. សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៩. សាកលវិទ្យាល័យក្រចេះ ១០. វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១១. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង ១២. សាកលវិទ្យាល័យអង្គរ ។ កិច្ចការសំខាន់របស់បណ្តាញសាកលវិទ្យាល័យសាយប័រ គឺរៀបចំការសិក្សា និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល ជាទម្រង់ (Platform) មួយសម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹងថតជាវីដេអូបង្រៀន និងរៀនផ្សេងទៀតដើម្បីដាក់ចូលទៅក្នុងទម្រង់ (Platform) នោះ។

ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងដូចជា៖ ១). បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២). ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣). ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង ៤). បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក ។

ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងបញ្ចកោណទី៥ ផ្តោតសំខាន់លើ «បច្ចេកវិទ្យាឌីជីថល» ក៏ដូចជាការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ព្រមទាំងគោលដៅក្នុងការចងក្រងសាកលវិទ្យាល័យនានា ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងភាពបត់បែនដល់និស្សិត ស្របតាមនិន្នាការសេដ្ឋកិច្ច និងសង្គមឌីជីថល៕

ដោយ​៖ តារា​


ចែករំលែក៖