ភ្នំពេញ៖ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានបរិវត្ដកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន E-School Cambodia បានចុះអនុស្សរណ:នៃការយោគយល់ លើកិច្ចសហប្រតិបត្តិការស្តីពីការបង្កើតសៀវភៅឌីជីថល ក្នុងការកសាងសមត្ថភាពឌីជីថលសិស្សានុសិស្ស និងគ្រូបង្រៀន ដែលសមិទ្ធផលចេញពីអនុស្សរណៈនៃការយោគយល់នេះ នឹងក្លាយជាចំណែកមួយនៃការកសាងសមត្ថភាពពលរដ្ឋឌីជីថល និងជួយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសាគមនាគមន៍ ក្នុងវិស័យអប់រំ ស្របតាមទិសដៅបញ្ចកោណ និងសសរស្តម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដើម្បីលើកស្ទួយការអប់រំបែបឌីជីថល ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។
ពិធីចុះអនុស្សរណៈនៃការយោគយល់ត្រូវបានចុះហត្ថលេខាដោយ លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល និងលោក ឈន ឈុនឡេង នាយកក្រុមហ៊ុន E-school Cambodia ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។
ការចុះអនុស្សរណៈនៃការយោគយល់នេះមានគោលដៅ អភិវឌ្ឍកម្មវិធីសិក្សាស្ដីពីបច្ចេកវិទ្យា AR (Augmented Reality)/ VR (Virtual Reality) បណ្តុះបណ្តាលគ្រូ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់ការចូលប្រើរបស់សិស្សប្រកបដោយសមធម៌ បង្កើនការរៀនសូត្រ អភិវឌ្ឍជំនាញឌីជីថល និងការស្រាវជ្រាវ វាយតម្លៃ ។
សៀវភៅឌីជីថលដែលប្រើប្រាស់បច្ចេកវិទ្យាពិភពនិមិត្តនេះ អាចឱ្យសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃ ឬកុំព្យទ័របន្ទះ ដើម្បីស្កេន QR Code នៅលើមេរៀននីមួយៗ ព័ត៌មានទាំងអស់នឹងផុសចេញលើសៀវភៅ ដែលនឹងផ្តល់ជាជំនួយដល់ការសិក្សារបស់សិស្សឱ្យឆាប់យល់មេរៀន តាមរយៈការមើលឃើញផ្ទាល់រូបភាព 3D មានចលនា ជាមួយសំឡេងអត្ថាធិប្បាយ។ ការសិក្សាតាមរយៈសៀវភៅឌីជីថល ក៏អាចជួយសិស្សានុសិស្សមួយចំនួនធំរកឃើញ ជំនាញពីកំណើតរបស់គាត់ ដែលនេះជាកត្តាសំខាន់ចាំបាច់ក្នុងការសម្រួចទិសដៅជីវិតរបស់សិស្សានុសិស្សទៅលើអ្វីដែលខ្លួនចូលចិត្ត។
សៀវភៅឌីជីថលនេះ គ្រោងនឹងដាក់អោយប្រើប្រាស់នៅឆ្នាំ២០២៥ នៅតាមសាលាមួយចំនួនក្នុងរាជធានី ខេត្ត រួមទាំងការបណ្តុះបណ្តាលគ្រូបង្គោលទៅលើការប្រើប្រាស់សៀវភៅឌីជីថល ការរៀបចំកាលវិភាគសិក្សាសៀវភៅឌីជីថល ការរៀបចំប្លង់សិក្សាបែបគរុកោសល្យទៅតាមមេរៀននីមួយៗសម្រាប់ថ្នាក់សៀវភៅឌីជីថល ការធ្វើបច្ចុប្បន្នភាព ការថែរក្សា Hardware និងទិន្ន័យផ្សេងៗ។
សម្គាល់ ៖
– Augmented Reality (AR) បច្ចេកវិទ្យាតថភាពបន្ថែម ឬអេអ គឺជាការប្រើប្រាស់រូបភាពឌីជីថល សំឡេង ឬការរំញោចអារម្មណ៍ ផ្សេងទៀតដើម្បីបង្ហាញពីពិភពរូបវន្តមួយ ដែលមានភាពល្អប្រសើរតាមរយៈរូបភាព ឌីជីថល ដែលត្រូវបានបង្ហាញតាមឧបករណ៍ ឆ្លាតវៃ។
– Virtual Reality (VR) បច្ចេកវិទ្យាតថភាពនិម្មិត ឬវីអ សំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រដើម្បីបង្កើតជាពិភពសិប្បនិម្មិតដែល អាចមើលបាន៣៦០ ដឺក្រេដែលអាចត្រូវបានធ្វើអន្តរកម្មនៅក្នុងនោះដូចជាក់ស្តែង ឬជារូបវន្តដោយអ្នកប្រើប្រាស់ប្រើឧបករណ៍អេឡិចត្រូនិកពិសេស ដូចជាមួកដែលមានអេក្រង់នៅក្នុង ឬស្រោមដៃបំពាក់ឧបករណ៍ចាប់សញ្ញា និងសំឡេងដែលបង្ហាញដោយប្រព័ន្ធ៕
ដោយ ៖ សិលា