ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចោរលួច(ម៉ូតូ)នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចនគរបាលបានធ្វើការ ឃាត់ខ្លួនពាក់ព័ន្ធករណីចោរលួច(ម៉ូតូ)នៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ សូរ ខាណុន  អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកជនសង្ស័យរត់គេចខ្លួនមានឈ្មោះ វី ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅម្តុំខាងកើតរោងចក្រឃីងម៉ាឃ័រ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។

ប្រភពបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្តឹង០១ច្បាប់ពីជនរងគ្រោះឈ្មោះ សួស ពិសី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានប្តឹងចោទប្រកាន់ទៅលើជនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ដែលបានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ០១គ្រឿងម៉ាក HONDA WAVE CX ពណ៌ស គ្មានស្លាកលេខ បញ្ឈរទុក (មានសោរជាប់នៅលើម៉ូតូស្រាប់) នៅចំណុចខាងមុខទីតាំងលក់ផ្លែឈើ(ផ្លូវលំទី២)  ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  កាលពីវេលាម៉ោង២និង៤០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤  ហើយបើករត់គេចខ្លួនបាត់។

ក្រោយពីទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ច បានចុះទៅធ្វើការស្រាវជ្រាវ នៅកន្លែងកើតហេតុ និងរុករកតាម លុះរហូតដល់វេលាម៉ោង៣និង៥៥នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ ក៏បានធ្វើការដេញតាម រហូតដល់ផ្លូវតាព្រឹម ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ទើបឃាត់បានជនសង្ស័យ រួមនឹងម៉ូតូ(វត្ថុតាង) យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា : រយៈកាលកន្លងមកខ្លួន និងឈ្មោះ វី ភេទប្រុស បាននាំគ្នាធ្វើសកម្មភាពលួចម៉ូតូបានចំនួន០២លើក ដោយលើកទី១ : ក្នុងកំឡុងដើមខែឧសភា ឆ្នាំ២០២៤ ធ្វើសកម្មភាពលួចបានម៉ូតូ០១គ្រឿង ម៉ាកសាលួត ពណ៌ខ្មៅ លាយលឿង នៅចំណុចផ្លូវវត្តតាឡុក ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

លើកទី២ : កំឡុងចុងខែឧសភា ឆ្នាំ២០២៤ នៅចំនុចបុរី CK ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លួចបានម៉ូតូ០១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ និងលើកទី៣ នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

សមត្ថកិច្ចបានថកវត្ថុតាងម៉ូតូ០១គ្រឿងម៉ាក Honda Wave CX ពណ៌ស គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត រីឯបក្សពួកឈ្មោះ វី សមត្ថកិច្ច កំពុងស្រាវជ្រាវចាប់ខ្លួនបន្តដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖