ព័ត៌មានទាន់ហេតុការណ៍៖

សភាសម្ព័ន្ធសហជីពជាតិកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតផ្ញើជូនដល់អ្នករត់ម៉ូតូឌុបម៉ូតូកង់បី និងអ្នករត់តាក់ស៊ី

ចែករំលែក៖

ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) តំណាង ៥៨ សហព័ន្ធសហជីព និងអង្គការ-សមាគម ដែលមានសមាជិក- សមាជិកា ជាកម្មករ-និយោជិត គ្រូបង្រៀន និស្សិតបញ្ញវន្ត កំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារ សំឡេងពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ញើជូនចំពោះបងប្អូនអ្នករត់ ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន រថយន្តតាក់ស៊ី អគ្គិសនី បរទេស មកប្រកបអាជីវកម្មនៅកម្ពុជាដូចការចោទប្រកាន់របស់ជនអគតិមួយចំនួនតូចនោះទេ។ នេះគឺជាការ សម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយឧត្តមគតិជាតិនិងភាពឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ។

យើងខ្ញុំសូមប្រឆាំងនិងថ្កោលទោសដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួនតូចបានឆ្លៀតឱកាស កេងចំណេញនយោបាយ ធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាដោយគ្មានមូលដ្ឋានច្បាស់លាស់ ថាបានផ្តល់ អាជ្ញារប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន តាក់ស៊ីអគ្គិសនីបរទេស ប្រកបអាជីវកម្មនៅកម្ពុជា ហើយក្រុមនេះបានធ្វើការ អំពាវនាវនិងញុះញុងឲ្យបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកបើករថយន្តតាក់ស៊ី ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិ បាលថែមទៀតផង។

យើងខ្ញុំក៏សូមអំពាវនាវដល់បងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកបើកតាក់ស៊ីទាំងអស់ សូមកុំជឿតាម ការញុះញុងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ហើយសូមកុំចូលរួមបាតុកម្មតាមការអំពាវនាវ របស់ពួកនេះ ឲ្យសោះ ព្រោះវានាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ៕

ដោយ ៖ សិលា


ចែករំលែក៖