ខេត្តកំពត ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបុណ្យសពលោក សំ សារីន ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤។
លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោកសំ សារីន គឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឧត្តមស្វាមី ឪពុក ជីតា ប្រកប ដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតរបស់កូន ចៅ ក៏ដូចជាការបាត់បង់នូវឥស្សរជនមួយរូបដែល បានខិតខំលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ជា ពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលជាច្រើនទាំងក្នុងវិស័យពុទ្ធចក្រ និង អាណាចក្រនៅទូទាំងខេត្តកែប នាពេលកន្លងមក។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណ ទុក្ខជាមួយ លោកស្រី ប៉ែន ឌីមឿន ព្រមទាំងក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកសំ សារីន សូមបានចាប់កំណើតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សូរិយា