ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពេលផឹកស៊ីមានជម្លោះពាក្យសម្តីគ្នាជាមួយអ្នកផឹកសុីដូចគ្នា ហើយយកអេស្កាវ៉ាទ័រកាយបំបាក់ផ្ទះរលំសង្កត់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកកំពង់រោទ៍។
សមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃួី៣១ខែកក្កដាឆ្នាំ២០២៤ នេះថា ជនសង្ស័យមានឈ្មោះខែក បញ្ញា ភេទប្រុស អាយ២៥ឆ្នាំ មានទីលំនៅភូមិគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះឌឹម សារឿន អាយុ៣៨ឆ្នាំ មានកូន០២នាក់ស្រីម្នាក់ ជាបុគ្គលិកបើកប៊ុលដូហ្សែរកិនថ្នល់ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ និងជនរងគ្រោះទី២ឈ្មោះតាំង យូ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិតាជោសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង របួសក្បាលធ្ងន់ធ្ងរត្រូវសមត្ថកិច្ចហៅរថយន្តដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។
ហេតុករណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៥នាទីល្ងាចថ្ងៃទី២៩កក្កដា២០២៤នៅចំណុចផ្ទះ១០០ខ្នង(ដែលរាជរដ្ឋាភិបាលសាងសង់ផ្តល់ជូនអតីតយុទ្ធជនសោធននិវត្តន៍ )នៅជិតព្រំដែនក្បែរប៉ុស្ត៍ច្រករបៀងធ្លកថ្មី ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៍។
បើតាមបុគ្គលិកកម្មករក្រុមហ៊ុនធ្វើថ្នល់ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កនិងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ត្រូវបានមិត្តភក្តិធ្វើការជាមួយគ្នាឃាត់ជនបង្ក ក៏បានដើរចេញទៅ ចំណែកជនរងគ្រោះបានផឹកបន្ត រហូតដល់ស្រវឹងជោក ក៏នាំគ្នាទៅចងអង្រឹងដេកនៅក្រោមផ្ទះ ដែលម្ចាស់អត់នៅ (ផ្ទះមន្ត្រីនគរបាលចូលសោធននិវត្តន៍ម្នាក់) ក្រោយពីដេកលង់លក់មួយសន្ទុះមកស្រាប់តែជនបង្កបើកអេស្កាវ៉ាទ័រ១គ្រឿងមកកាយរុញបំបាក់ផ្ទះបណ្តាលឲ្យបាក់ខ្ទេចទាំងស្រុងសង្កត់ពីលើជនរងគ្រោះទាំង០២នាក់ដែលកំពុងដេកលង់លក់ក្រោមផ្ទះជាប់ពីលើ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករនិងប្រជាពលរដ្ឋនាំគ្នាមកមើលហើយគាស់យកជនរងគ្រោះ តែយឺតពេលទៅហើយ ដោយជនរងគ្រោះម្នាក់បានស្លាប់ហើយម្នាក់ទៀតរងរបួសធ្ងន់។
ភ្លាមៗនោះដែរប្រជាពលរដ្ឋបានប្តឹងសមត្ថកិច្ចនគរបាលវរៈការពារព្រំដែនប៉ុស្ត៍ច្រករបៀងធ្លកថ្មីមកចាប់ខ្លួនជនសង្ស័យបានភ្លាមៗដែរ រួចបញ្ជូនឱ្យលោកអធិការនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទ៍បញ្ជូនបន្តទៅស្នងការដ្ឋាននគបាលខេត្តស្វាយរៀងទាំងយប់។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុថាន