ខេត្តពោធិ៍សាត់ ៖ បងប្អូនកសិករនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលតែងតែខាតបង់ផលដំណាំរបស់ខ្លួនដោយសារជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំ គួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍ ដើម្បីការពារសមាជិកម្នាក់ៗពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ ខណៈពេលដែលក្នុងឆ្នាំនេះ ជាង៥០%នៃដំណាំស្រូវ ៨១៥ហិកតា ដែលទើបទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខូចខាតធ្ងន់ធ្ងរមិនអាចស្តារឡើងវិញបាន។ នេះជាលើកឡើងរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកថា ៖ បើតាមលក្ខខណ្ឌភូមិសាស្ត្រ តំបន់នេះគឺជាទីតាំងទំនាបខ្លាំង និងកន្លែងមុខទឹកហូរកាត់ពីផ្ទៃរងទឹកភ្លៀងនៃជួរភ្នំក្រវ៉ាញទៅកាន់បឹងទន្លេសាប ងាយនឹងរងជំនន់ទឹកភ្លៀងណាស់។ ជាទូទៅ មួយឆ្នាំធ្វើស្រែបានតែម្តង និងសមស្របតែជាមួយប្រភេទស្រូវឡើងតាមទឹកតែប៉ុណ្ណោះ។ ការបង្កបង្កើនផលស្រូវស្រាលពិតជាប្រថុយប្រថានខ្ពស់ ទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្រើន និងមានផែនការច្បាស់លាស់ទើបអាចធ្វើទៅបាន ហើយក៏ប្រហែលត្រូវធ្វើពិពិធកម្មបន្ថែមប្រភេទដំណាំផ្សេងក្រៅពីស្រូវទើបប្រសើរ។
លោកបន្តថា ៖ កសិករម្នាក់ៗកម្រិតគ្រួសារពិតជាពិបាកធ្វើដូច្នេះបាន តែបើជាសហគមន៍អាចទៅរួច។ នេះគឺជាដំណោះស្រាយមួយដែលបងប្អូនកសិករបានព្រមទទួលយកទៅពិចារណា ចំណែកឯការជួយជាគ្រាប់ពូជសម្រាប់ការដាំដុះឡើងវិញត្រូវរង់ចាំរហូតដល់ខែវិច្ឆិកាក្រោយទឹកស្រកវិញទើបអាចធ្វើទៅបាន៕
ដោយ ៖ សិលា