ព័ត៌មានទាន់ហេតុការណ៍៖

កំពូលតារាចម្រៀងរ៉េប កម្ពុជា ម៉ាន់ វណ្ណដា ត្រឡប់មកដល់ប្រទេស កំណើត បន្ទាប់ពីបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង

ចែករំលែក៖

ភ្នំពេញ ៖ មុន នេះ បន្តិច ! នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កំពូលតារាចម្រៀងរ៉េប កម្ពុជា ម៉ាន់ វណ្ណដា ត្រឡប់មកដល់ប្រទេស កំណើត បន្ទាប់ពីបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។ 

សូមបញ្ជាក់ថា ៖ កំពូលតារាចម្រៀងរ៉េប កម្ពុជា ម៉ាន់ វណ្ណដា ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកីឡា និងក្រសួង នៅពេលត្រឡប់មកដល់ប្រទេស កំណើត បន្ទាប់ពីបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។

ពិធីទទួលស្វាគមន៍នេះ មានលោក ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកចលនាអភិវឌ្ឍកីឡា និង ជា ប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា ព្រម ទាំង មន្ត្រី អ្នក សារព័ត៌មាន និង អ្នក គាំទ្រ យ៉ាង ច្រើន កុះករ។ 

សូមរំលឹកថា ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ បានបង្ហោះសារលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា ការច្រៀងរបស់លោក វណ្ណដា (Vann Da) តារាចម្រៀងរ៉េបរបស់កម្ពុជា ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍ ប្រទេសបារាំង ជាវត្តមានគួរឲ្យភ្ញាក់ផ្អើល។

សារមួយនេះត្រូវបានបង្ហាញឡើងបន្ទាប់ពីលោក វណ្ណដា បានឡើងច្រៀងលើឆាកដ៏ធំ នៅប្រទេសបារាំង ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍ ២០២៤ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

ក្រសួងវប្បធម៌ បានថ្លែងសារយ៉ាងដូច្នេះថា «វណ្ណដា! តារាចម្រៀងរេបកម្ពុជាដ៏ល្បីឈ្មោះ បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ក្នុងពិធីបិទកីឡាអូឡំាពិកនៅទីក្រុងប៉ារីស៍២០២៤ ដោយបានបកស្រាយចម្រៀងបទ Time To Rise។ ឈ្មោះរបស់ វណ្ណាដា នឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក!»។

សូមជម្រាបថា លោក វណ្ណដា បានបង្ហាញខ្លួនលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយលោកបានច្រៀងបទចម្រៀង «Time to Rise»។ ការបង្ហាញខ្លួនរបស់តារាកម្ពុជា លើឆាកកម្មវិធីលំដាប់ពិភពលោកនេះ គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា។ ការបង្ហាញរបស់ វណ្ណដា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។

ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុសវណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ 

សម្តេចមានប្រសាសន៍ទៀតថា ៖ ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់កិត្តិយសជាតិបែបនេះ។

សូមជូនពរកូនជួបតែសេចក្តីសុខសេចក្តីចម្រើន។

ស្ថានទូតបារាំងប្រចាំកម្ពុជា បានបង្ហោះថា« 🎤 អស្ចារ្យណាស់ Vann Da – វណ្ណដា! តារារែបកម្ពុជាដ៏ល្បីឈ្មោះបានច្រៀងនៅចំពោះមុខពិភពលោកកាលពីយប់មិញ ក្នុងពិធីបិទកីឡាអូឡំាពិកប៉ារីស៍២០២៤។ 

មុនពេលកម្ពុជាដណ្តើមបានមេដាយអូឡាំពិកលើកដំបូងរបស់ខ្លួននៅថ្ងៃណាមួយ ឈ្មោះរបស់វ៉ាន់ដានឹងចារឹកទុកក្នុងប្រវត្តិសាស្រ្តនៃការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក! » ៕

ដោយ ៖ សិលា


ចែករំលែក៖