ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពត រៀបចំពិធីក្រុងពាលីដំឡើងនាឡិកាខ្នាតធំកម្ពស់៣៥ម៉ែត្រ នៅជាប់មាត់ព្រែក ក្រុងកំពត

ចែករំលែក៖

ខេត្តកំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីដំឡើងនាឡិកាខ្នាតធំ មានកម្ពស់៣៥ម៉ែត្រ មុខនាឡិកាមានទំហំអង្គត់ផ្ចិត៩,៧០ម៉ែត្រ ដែលមានរេចនាបទបែបខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបានមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើងបន្ថែមទៀត។

ពិធីខាងលើនេះ ត្រូវបានរៀបចំឡើងនៅបរិវេណទីតាំងដំឡើងនាឡិកា ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

ក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត, អាជ្ញាធរខេត្តបានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបង ដោយបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗ ក្នុងខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក នឹងនាឡិការយក្សនេះជាដើម។

លោកអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេច បានដាក់ចេញនូវកិច្ចចង្អុលការឱ្យខេត្តដែលជាគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែពង្រីក សក្តានុពល បង្កើននូវការអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តឱ្យបានច្រើនពិសេសត្រូវកែច្នៃ រៀបចំបន្ថែមនូវទីតាំង និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យបានច្រើន៕

ដោយ ៖ សិលា


ចែករំលែក៖