ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដឹកនាំដោយលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សូមជម្រាបថា កិច្ចជំនួបមានគោលបំណងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ សំដៅជំរុញបង្កើនការផលិតសម្រាប់វិស័យកសិកម្មកម្ពុជា និងឱកាសសហប្រតិបត្តិការលើគម្រោងពាក់ព័ន្ធនឹងការជំរុញខ្សែច្រវាក់ផលិតកម្ម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អំពីការងារអាទិភាពរបស់ក្រសួង ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

តំណាងគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ គឺជាធនាគារដែលបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើប្រតិបត្តិការចម្បងផ្ដោតលើការផ្ដល់ឥណទានដល់អតិថិជន និងឥណទានបោះដុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីផ្ដល់ឥណទានបន្តជូនប្រជាកសិករ។

លោកតំណាងគណៈប្រតិភូបានបញ្ជាក់ថា ធនាគារARDB កំពុងស្វែងរកឱកាសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីកៀរគរប្រភពទុនបន្ថែម និងពង្រីកការផ្ដល់ឥណទានជូនអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារបានបញ្ចប់ដោយភាពរីករាយ និងសិ្នទ្ធស្នាល ខណៈភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានានៅពេលខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖