ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកំរៀងអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកកំរៀង​ បានចុះអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីរសៀលម្សិលមិញនេះ​ នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ 

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨៣៥ ត.ព្រ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ របស់លោក គា សីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ម៉ុន វណ្ណហួត ភេទប្រុស  អាយុ ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨ ក្រុមទី២ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖