ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់នេះ មាន ១៦ជំពូក និង១១៣មាត្រា ដែលកំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបតិ្តការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។ បើទោះបីជាប្រទេសកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ស្រាប់ និងកំពុងសាងសង់ថ្មីជាច្រើននៅទូទាំងរាជធានី-ខេត្ត ក៏ដោយ បច្ចុប្បន្នប្រទេសកម្ពុជាពុំទាន់មានលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់គ្រប់គ្រាន់នៅឡើយ។ នេះជាការបញ្ជាក់ពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
ក្នុងន័យនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងច្បាប់នេះ ចាប់តាំងពីឆ្នាំ២០១៣ ដោយផ្អែកលើមូលដ្ឋានសិក្សាស្រាវជ្រាវ ពិគ្រោះនិងពិនិត្យផ្ទៀងផ្ទាត់ជាមួយឯកសារជាអាទិ៍ ក្របខណ្ឌកម្មវិធីនយោបាយ គោលនយោបាយជាតិនានា លិខិតូបករណ៍ សន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងឆ្នាំ២០០០ ដើម្បីជួយសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់នេះ។ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់បានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ សរុបចំនួន ១១៦លើក។
ប្រព័ន្ធទឹកកខ្វក់ រួមផ្សំឡើងនូវសមាសភាគជាអាទិ៍ ប្រព័ន្ធលូ ស្ថានីយបូម ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សំណង់សិល្បការ្យទឹកកខ្វក់ផ្សេងទៀត ដែលជាសមាសធាតុដ៏សំខាន់មួយនៃប្រព័ន្ធទីក្រុង ទីប្រជុំជន និងដើរ តួនាទីក្នុងការប្រមូលទឹកកខ្វក់ពីប្រភពផ្សេងៗ រួមទាំងជំនន់ទឹកភ្លៀងបញ្ជូនទៅធ្វើប្រព្រឹត្តកម្ម មុននឹងបង្ហូរចូលក្នុងតំបន់ទឹកសាធារណៈ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៤ ត្រង់មុំទី៤ ចំណុចទី៥ ដែលតម្រូវឱ្យមានការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ កម្ពុជាបានប្តេជ្ញាធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យសម្រេចបាន ៥០% នៅឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)៕
ដោយ ៖ សិលា