ព័ត៌មានទាន់ហេតុការណ៍៖

នេះហើយជាមនុស្សដែលចេះតែបើកមាត់ តែបិទភ្នែក បិទត្រចៀក និងបិទខួរក្បាល

ចែករំលែក៖

ភ្នំពេញ៖ រឿងព្រែកជីកហ្វូណនតេជោ ថ្នាក់ដឹកនាំបានពន្យល់រាប់ដងមិនឈ្នះដែលសូម្បីតែកូនក្មេងថ្នាក់បឋមក៏អាចយល់បានថា រាជរដ្ឋាភិបាលមិនបានខ្ចីលុយគេសូម្បីតែមួយសេនឡើយ។ គម្រោងនេះវិនិយោគតាមរូបមន្ត៖ សាងសង់-ប្រតិបត្តិការ- ផ្ទេរ ( BOT) ដែលវិស័យឯកជនជាអ្នកបោះទុនទាំងស្រុង។ ពេលសាងសង់រួចរាល់ ក្រុមហ៊ុនវិនិយោគនឹងធ្វើប្រតិបត្តិការដោយយកកម្រៃសេវាពីកប៉ាល់ដែលឆ្លងកាត់។ ដល់ពេលផុតកំណត់ ក្រុមហ៊ុននឹងផ្ទេរឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុង។ ការវិនិយោគទៀតសោតគឺខ្មែរគ្រប់គ្រង មិនមែនបរទេសទេ។ 

នេះជាការវិនិយោគដែលចំណេញទាំងអស់គ្នា៖ ក្រុមហ៊ុនក៏ចំណេញតាមរយៈប្រាក់ចំណូលពីការប្រើប្រាស់ព្រែកជីកនេះ។ អ្នកប្រើប្រាស់ព្រែកជីកក៏ចំណេញពីព្រោះពួកគេចំណាយតិចជាងមុននិងប្រើពេលក៏តិចជាងមុន។ ចំណែករាជរដ្ឋាភិបាលនឹងទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងនៅពេលចប់កិច្ចសន្យាប្រតិបត្តិការ។ ក្រៅពីនេះ មានផលចំណេញជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ដូចជាមានទឹកសម្រាប់ធ្វើស្រែចម្ការ ចិញ្ចឹមសត្វ  អេកូទេសចរណ៍ និងការបង្កើតមុខរបរផ្សេងៗជាច្រើនទៀត។ ព្រែកជីកនេះមានផលប្រយោជន៍ធំធេងណាស់ពិសេសគឺចៀសវាងខ្ចីដង្ហើមប្រទេសដទៃដកនេះឯង។

ចំណែកកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV- DTA)ក៏មិនមែនខ្ចីដង្ហើមគេដកដែរ។ កិច្ចសហប្រតិបត្តិការណ៍បែបនេះត្រូវបានប្រទេសជាច្រើនបានធ្វើរួចហើយដើម្បីផលចំណេញទាំងអស់គ្នារវាងប្រទេសភូមិផងរបងជាមួយ។ បច្ចុប្បន្ន គ្មានប្រទេសណាមួយរស់នៅឯកោម្នាក់ឯងហើយអាចកសាងសេដ្ឋកិច្ចបានឡើយ។ ដូច្នេះហើយបានជាគ្រប់ប្រទេសទាំងអស់ស្វែងរកកិច្ចសហប្រតិបត្តិការតាមគ្រប់ទម្រង់ដែលអាចធ្វើបានទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ថ្នាក់តំបន់និងពិភពលោក។ កិច្ចសហប្រតិបត្តិការណ៍នេះទៀតសោតបានបើកច្រកឱ្យអ្នកវិនិយោគទុនធំៗមកពីប្រទេសផ្សេងចូលមកវិនិយោគផងដែរ។ នេះហើយជាការស្វែងរកផលប្រយោជន៍សម្រាប់ជាតិ។ 

ដោយគ្រាន់តែបើកភ្នែកមើលឯកសារនានា បើកត្រចៀកស្តាប់ការពន្យល់ និងបើកខួរក្បាលពិចារណាតែបន្តិចក៏អាចយល់បានដោយងាយ។ ពេលយល់ហើយចាំបើកមាត់និយាយ នោះទើបពាក្យសម្តីដែលនិយាយចេញមកមានតម្លៃនិងមានប្រយោជន៍គឺមិនមែនជាសម្តីបោកក្មេងបៀមដៃបែបនេះទេ៕

ដោយ៖ សូរិយា


ចែករំលែក៖